ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេងណែនាំឲ្យកម្មករ កម្មការិនី កុំជឿងតាមពាក្យញុះញង់ ឈានដល់ការធ្វើបាតុកម្ម បោកឆ្នាំងបាយរបស់ខ្លួន

110

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិក សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណបក្សណាសហជីពរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យកម្មករ កម្មការិនី កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ឈានទៅដល់ការធ្វើបាតុកម្មនៅមុខរោងចក្រ ដែលនេះជាសកម្មភាពបោកឆ្នាំងបាយរបស់ខ្លួន ពោលគឺមុននិងសម្រេចចិត្តទៅធ្វើអ្វីមួយ ត្រូវគិតឲ្យបានច្បាស់លាស់ឬអាចពិភាក្សាជាមួយនឹងក្រុមការងារបក្សថ្នាក់មូលដ្ឋាន ជាមុនសិន។បងប្អូនត្រូវយល់ថា បងប្អូនមានការងារធ្វើ មានប្រាក់ចំណូលប្រចាំខែដោយសារតែគណបក្សប្រជាជនកម្ពុជាជួយ ។

   ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន៧០៩នាក់ នៅក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ រាជធានីភ្នំពេញ។

   ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងដូចជា ទឹក ភ្លើង និងសំរាមជាដើម។

      លោក ឃួង ស្រេង បានបញ្ជាក់ថា បងប្អូនកម្មករ កម្មការិនីទាំងអស់ មានឪពុក ប្រកបដោយព្រហ្មវិហារធម៌ម្នាក់នោះ គឺសម្តេចតេជោហ៊ុន សែន ដោយសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់ បងប្អូនកម្មករ-កម្មការិនី គ្រប់ពេលវេលាតាមរយៈកញ្ចប់អត្ថ ប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើង ទទួលបានផលប្រយោជន៍រួមទាំងប្រាក់បៀវត្សរ៍សមរម្យ។

   លោក ឃួង ស្រេង បានបន្តទៀតថា កន្លងមកនេះតាមរយៈការសំណេះ សំណាល ជាមួយបងប្អូនកម្មករកម្មការិនីរោងចក្រ សម្តេចតេជោហ៊ុន សែន តែងបានប្រកាសអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ នៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោ ផ្តល់ជាកាដូជូនបងប្អូនកម្មករនិយោជិកនោះ គឺប្រាក់ឈ្នួលប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ និងការពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០ភាគរយជាដើម។ ជាងនេះទៅទៀត សម្តេចតេជោហ៊ុនសែន ពេលទៅបំពេញទស្សនកិច្ចក្រៅប្រទេសម្ដងៗសម្ដេចតែងតែកៀងគរអ្នកវិនិយោគទុនឲ្យមកវិនិយោគនៅប្រទេសកម្ពុជា ។ សកម្មភាពបែបនេះរបស់សម្ដេច មានគោលបំណងតែមួយគត់ នោះគឺដើម្បី ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានការងារធ្វើនិងមានជីវភាពធូរធារ។

    ជាមួយគ្នានោះដែរ លោកឃួងស្រេង ក៏បានអំពាវនាវឲ្យ បងប្អូនកម្មករកម្មការិនីទាំងអស់ចូលរួម ការពារសុខសន្តិភាពទាំងអស់គ្នា បើមានសន្តិភាពទើប យើងមានឱកាសអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបាន។

   លោកនុត ពុធដារ៉ា  ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោនិងជាប្រធានក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីពខណ្ឌដង្កោបានឱ្យដឹងថា ខណ្ឌដង្កោ មានរោង ចក្រចំនួន៦៨ រោងចក្រ និងសហ គ្រាសចំនួន៩៧ សហគ្រាស មានកម្មករសរុបចំនួន ២៩២១១ នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន១០៦៧១ នាក់។ ក្នុងអំឡុងស្នាក់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ជូនបងប្អូនកម្មករកម្មការិនី។ បានសហការជាមួយអគ្គិសនីកម្ពុជាតភ្ជាប់ចរន្តអគ្គិសនីក្នុងតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងជូនដល់ផ្ទះជួលបន្ទប់ជួលកម្មករកម្មការិនី សរុបបានចំនួន៣៥២៦បន្ទប់ ។ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនកម្មករកម្មការិនីចំនួន ១៥លើក ស្មើនឹងចំនួនកម្មករ ១២០៦៣នាក់។

    ជាកិច្ចបញ្ចប់ពិធី លោក ឃួង ស្រេង ក៏បាននាំយកថវិកា របស់សម្តេ ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង៧០៩ នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង