ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់លួច បន្លំចូលលួចគ្រឿងអលង្ការ នៅក្នុងផ្ទះមាន ពិធីមង្គលការ

103


ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧:១៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ជាក់ស្ដែងពីបទលួច បន្លំចូលលួចគ្រឿងអលង្ការនៅក្នុងផ្ទះមានពិធីមង្គលការ ប្រព្រឹត្តនៅចំណុចផ្ទះរៀបពិធីមង្គលការ ផ្ទះលេខ៣៤ ផ្លូវ លេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ វត្ថុតាងចាប់យកមាន៖ គ្រឿងអលង្ការ ចិញ្ចៀនមាស១វង់ទម្ងន់១ជី ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ១វង់ ខ្សែកប្លាទីន១ខ្សែទម្ងន់២ជី ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី ក្រវឹកប្លាទីន២គូ ទម្ងន់១ជី បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧ បណ្ដោងរូបព្រះ១ សរុបតំលៃប្រហែល ២៥០០ដុល្លារសហរដ្ឋអាមេរិក។ សមត្ថកិច្ច បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាព ពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា លទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង