ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគបាលគ្រឿងញៀន​រកឃើញទីតាំង​ក្លិប​កម្សាន្ត ​និង​បារ​បារាំង ​ចំនួន​១២៩៥​កន្លែង ​ប្រើប្រាស់​ថ្នាំ​ញៀន​

97


​ភ្នំពេញ​ ៖​ នាយការិយាល័យ​គ្រឿងញៀន​បានបញ្ជាក់ថា​ ​បាន​រក​ឃើញ​ស្រាវជ្រាវ ​ទីតាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន ​តាម​បណ្តា​ក្លិប​កំសាន្ត​ និង​បារ​បារាំង​មាន​ចំនួន​១២៩៥​កន្លែង​ ក្នុង​នោះ​ជាង​១​ពាន់​កន្លែង ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។

​នៅ​ក្នុង​អង្គសន្និបាត​នេះ​ ​មន្ត្រី​នគរបាល​ និង​នាយការិយាល័យ​ជំនាញ​នីមួយៗ ​ឡើង​រាយការណ៍​អំពី​បទល្មើស​ និង​ការ​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​។​ នាយការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​​ថា​ បាន​រក​ឃើញ​ស្រាវជ្រាវ​ទីតាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន​ តាម​បណ្តា​ក្លិប​កម្សាន្ត​ និង​បារ​បារាំង ​មាន​ចំនួន​១២៩៥​កន្លែង​​ ក្នុង​នោះ​ជាង​១​ពាន់​កន្លែង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​។​ លោក​នាយការិយាល័យ​គ្រឿងញៀន បានបន្ត​ថា​ ដោយឡែក​បញ្ហា​ប្រឈម ​ទៅ​នឹង​ការ​ ចែកចាយ ​នៅ​តាម​សំណង់​មិន​រៀបរយ​ ហើយ​បើ​តាម​របាយការណ៍ ​នៅ​តាម​ប៉ុ​សិ៍្ត​រដ្ឋបាល​ឃើញ​ថា​ មាន​៥​គោលដៅ​ដូច​ជា​ ៖​ តំបន់​បឹង​ឈូក​ និង​គោលដៅ​ផ្សេងៗ​ទៀត ​ក្នុង​ខណ្ឌ​ទាំង​១២​ នៅ​បឹង​កក់​ សង្កាត់​ស្រះ​ចក​ ក្នុង​ខណ្ឌដូនពេញ​ ហើយ​មើលទៅ​ការ​ចែកចាយ​ មិនជា​ការ​លក់ដូរ​ធំដុំ​នោះ​ទេ​ តែ​វា​ជា​ករណី​ចែកចាយ​យ៉ាង​សកម្ម​ ហើយ​ក្នុង​ការ​លក់​ជួញដូរ​នេះ​ គឺ​ភាគច្រើន​គេ​ប្រើប្រាស់​លើ​កុមារ​តូចៗ​ ក្មេង​តូចៗ​ ដែល​មិន​គ្រប់​អាយុ​ត្រឹម​១២ ​ឬ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ ឬ​អាច​ជន​ពិការ​ផង​ដែរ​ក៏​មាន​។​ មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ គឺ​គេ​ធ្វើ​សកម្មភាព ​នៅ​តំបន់​មិន​រៀបរយ​នេះ​​ ក្នុង​នោះ​ បាន​សង្កេត​ឃើញ​ថា​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ​ បាន​ចុះ​ធ្វើ​រដ្ឋបាល​ ហើយ​បាន​រុះរើ​ផ្ទះ​តូចៗ ​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ សង្កេត​ឃើញ​ថា​ មានការ​ថមថយ​បន្តិច​ដែរ​។​

​ ដោយឡែក​ពាក់ព័ន្ធ​និង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​លើក​ឡើង​ឲ្យ​ដឹង​ដែរ​ថា​ បញ្ហា​ប្រឈម​បទល្មើស​ឆក់​ឃើញ​ថា​ ការ​ធ្វើ​ផែនការ​ និង​យុទ្ធនាការ​ឃើញ​ថា​ ធ្វើ​បាន​ល្អ​ ក៏​ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅ​មាន​កម្រិត​ទាប​​ ការ​ទប់ស្កាត់​នៅ​មិន​ទាន់​បទល្មើស​ឆក់​។​ លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ បាន​ស្តីបន្ទោស​ថា​ សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បទល្មើស​ដែល​ស្រាវជ្រាវ​ ហើយ​ករណី​ជាក់ស្តែង​បង្ក្រាប​បាន​តិចតួច​ ភាគច្រើន​ប្រជាពលរដ្ឋ​ជា​អ្នក​ចាប់​ ឬ​ដេញចាប់​ជនសង្ស័យ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ទៅ​វិញ​ ឬ​ជនសង្ស័យ​ខ្លួន​រត់គេច​ខ្លួន​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរ​ជាដើម​។​ ការ​រីក​រាលដាល​គ្រឿងញៀន​ ក៏​ជា​បញ្ហា​កើត​មាន​បទល្មើស​ឆក់​កើតឡើង​ និង​បញ្ហា​ល្បែងស៊ីសង​ក៏​ជា​កត្តា​ជម្រុញ​ឲ្យ​កើត​មាន​បទល្មើស​ឆក់​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​ និង​ការ​វាយតម្លៃ​សន្និដ្ឋាន​ឃើញ​ថា​ កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ ជា​រួម​ទោះបី​បទល្មើស​កើនឡើង​៨,៩៥ភាគរយ​ ប៉ុន្តែ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ ទទួល​បាន​លទ្ធផល​ខ្ពស់ ​រហូត​ដល់​៩០,៨២%​ នឹង​ការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ ​លើក​ទី​៣​ ត្រូវ​បាន​ជំរុញ​ខ្លាំងក្លា ​ដោយ​បង្ក្រាប​បាន​២.០២៤​ករណី​ ឃាត់ខ្លួន​បាន​៣.៦៧០​នាក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ លើក​សរសើរ​ និង​ជូន​រង្វាន់ ​ចំពោះ​បុគ្គល​ និង​អង្គភាព​ដែល​មាន​ស្នាដៃ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​នេះ​។​

​គួរ​កត់សម្គាល់​ផង​ដែរ​ថា​ បទល្មើស​ព្រហ្មទណ្ឌ​ បាន​កើនឡើង​ខ្ពស់ ​នៅ​ក្នុង​ខែមករា​ មិថុនា​ កក្កដា​ និង​ខែសីហា​ ក្នុង​ពេល​ដែល​សមត្ថកិច្ច​កំពុង​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ សម្រាប់​ពិធីបុណ្យ​ធំៗ​ និង​ក្នុង​ពេល​ដំណើរការ ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ ក្នុង​រាជធានី​ភ្នំពេញ​៕​


អត្ថបទដែលជាប់ទាក់ទង