ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចំនួន៦ម៉ោង

108

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។

កិច្ចប្រជុំនៅព្រឹកនេះ បានផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួន តាមរយៈការទទួលបានពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលត្រូវដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់មកនឹងមានការចូលរួមផ្តល់យោបល់ និងសំណូមពរដោយតំណាងគណបក្សនីមួយៗ។

ឧត្តមក្រុមប្រឹក្សានេះ មានតួនាទីលើកយកនូវបញ្ហា និងផ្តល់ជាមតិយោបល់ផ្សេងៗទៅរដ្ឋាភិបាលហើយនៅរៀងរាល់មួយខែម្ដង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវជួបជជែកគ្នា មុននឹងលើកសំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលនឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពមកពីគណបក្សនានានោះ នៅរៀងរាល់៦ខែម្ដង។

នៅក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ក្រៅពីកិច្ចស្វាគមន៍ដល់អង្គប្រជុំ ដែលមានទិដ្ឋភាពការងារជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ដោយមានការតភ្ជាប់ Video Conference ទៅកាន់ខេត្តក្រុង និងស្ថាប័នរដ្ឋដទៃទៀត សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវព័ត៌មាន នៃស្ថានភាពនយោបាយសាកល ក៏ដូចជាស្ថានភាពនយោបាយជាក់ស្ដែងរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្ដេច ដែលមានឧត្តមភាព និងប្រសិទ្ធភាពក្នុងការធានានូវប្រក្រតីភាពការងាររដ្ឋ ក៏ដូចជាអធិបតេយ្យជាតិ និងអំណាចប្រជាពលរដ្ឋក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន។

ប្រធានគណបក្សទាំង១៦ បានធ្វើសេចក្តីរាយការណ៍យ៉ាងច្បាស់លាស់នូវបញ្ហានីមួយៗ និងភាគីពាក់ព័ន្ធ (ឈ្មោះមន្រ្តី) និងសំណូមពរក្នុងលក្ខណៈសហការ និងរួមដោះស្រាយបញ្ហាទាំងនោះ។ នៅក្នុងកិច្ចប្រជុំនេះ បញ្ហាដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដាក់ជូនមកសម្តេចតេជោនាយករដ្ឋមន្ត្រីមានដូចជា បញ្ហាទំនាស់ដីធ្លី ដែលក្នុងនោះប្រភេទទំនាស់ដីធ្លីនោះគឺទំនាស់ដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ ទំនាស់ដីធ្លីរវាងពលរដ្ឋ និងសមាគម ពលរដ្ឋជាមួយក្រុមហ៊ុន ការទន្ទ្រានយកដីរដ្ឋដែលជាដីកម្មសិទ្ធិជាដើម។ ហើយរឿងរ៉ាវទាំងអស់នោះភាគច្រើនកើតនៅតំបន់ដែលមានការអភិវឌ្ឍខ្លាំងដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។

ក្រៅពីទំនាស់ដីធ្លីព័ត៌មានពាក់ព័ន្ធបទល្មើសជលផល និងបទល្មើសព្រៃឈើ ផងដែរ ដែលទាំងអស់នេះក៏មានការពាក់ព័ន្ធទៅនឹងការលើកឡើងពីភាពមិនប្រក្រតីអំពើពុករលួយជាប្រព័ន្ធដែលបង្កឡើងជាបុគ្គលក៏ដូចជារឿងមិនរគោរពអនុវត្តលិខិតបទដ្ឋានគតិយុត្តិរបស់ថ្នាក់ជាតិដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្តផ្ដល់សេវាដល់ប្រជាពលរដ្ឋ និងបញ្ហាអសកម្មផ្សេងៗមួយចំនួនទៀតដែលកើតចេញពីបុគ្គលដែលជាអាជ្ញាធរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីពិតជារីករាយដែលបានជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលទទួលបាននូវព័ត៌មានទាំងអស់នោះ ។ ហើយសម្តេចបានមានប្រសាសន៍ថា អង្គប្រជុំនេះមានតម្លៃស្មើនឹងការសម្រេចរបស់សម្ដេចក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីផងដែរ ហើយការលើកឡើងរបស់ប្រតិភូគណបក្សទាំង១៦នោះ សម្ដេចតេជោនឹងផ្ដល់នូវការណែនាំ និងបញ្ជាឲ្យអាជ្ញាធរជំនាញដែលសំដៅទៅលើក្រសួងជំនាញនិងអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីចូលរួមដោះស្រាយជាបន្ទាន់ដូចជាករណីបញ្ហាទំនាស់ដីធ្លី រឿងពាក់ព័ន្ធនឹងគំរបព្រៃឈើជាដើម ដោយសម្តេចបានប្រកាន់ខ្ជាប់នូវគោលការណ៍ទប់ស្កាត់កុំឲ្យមានទំនាស់ដីធ្លីថ្មីកើតមាន ហើយនឹងព្យាយាមរួមគ្នាដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់ដែលក្នុងនោះមានវិធានជាច្រើនដែលសម្ដេចតេជោបញ្ជា និងណែនាំទៅក្រសួងពាក់ព័ន្ធជាពិសេសក្រសួងរៀបចំដែនដីនិងរដ្ឋបាលថ្នាក់ខេត្ត ស្រុក ខណ្ឌ។

ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ​ សម្ដេចតេជោក៏បង្ហាញនូវភាពមិនពេញចិត្តចំពោះ រឿងនេះ ហើយសម្តេចតេជោក៏បានបញ្ជាទៅក្រសួងរៀបចំដែនដី និងក្រសួងកសិកម្មដើម្បីធ្វើការពិនិត្យឡើងវិញ និងសម្រេចឲ្យមានការរុករកដីដែលជាដីសម្បទានដែលកើតមានឡើងភាពមិនប្រក្រតីដែលមានតន្ត្រីមានអំណាចខ្លះលូកដៃចូលក្នុងរឿងនេះ ហើយសម្ដេចសម្រេចមិនអោយមានដីសម្បទានសេដ្ឋកិច្ចនោះទេ ទុកដីជាដីរដ្ឋដើម្បីរៀបចំជាដីសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋវិញ។

រឿងមួយទៀតគឺពាក់ព័ន្ធទៅនឹងដីនៅភ្នំដោះក្រមុំនៅខេត្តមណ្ឌលគិរី ដែលជាការលើកឡើងរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យ ដែលសូមអោយសម្ដេចតេជោ ជួយការពារនៅតំបន់ដែលជាវប្បធម៌ជនជាតិដើម។ តាមការពិតដីនោះ គឺមាន ស.ជ.ណ រួចទៅហើយ ប៉ុន្តែបញ្ហាគឺមិនបានអនុវត្តឱ្យមានប្រសិទ្ធភាព ដូច្នេះសម្ដេចបានបញ្ជាឲ្យគណៈអភិបាលខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ជាបន្ទាន់មិនអនុញ្ញាតឲ្យបុគ្គលណាទៅទន្ទ្រានដីនៅភ្នំដោះក្រមុំនោះទេ។

ពាក់ព័ន្ធទៅនឹងការរំលេចអំពីទំនាស់ដីធ្លីដោយប្រតិភូគណបក្សលើកឡើងជាការ សបញ្ជាក់ថាប្រតិភូគណបក្សទាំងអស់ពុំមើលឃើញនូវចំនុចអាក្រក់ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ប្រទេសនោះទេ គឺមើលឃើញបញ្ហាដែលមានទំនាស់។ ផ្ទុយទៅវិញតាមរយៈការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះគឺជាការអនុវត្តដ៏ល្អដើម្បីរួមចំណែកក្នុងការមតិយោបល់កែលំអដើម្បីអភិវឌ្ឍប្រទេសជាតិអោយកាន់តែវិវឌ្ឍរីកចម្រើន។ សម្ដេចតេជោ បានមានប្រសាសន៍ថា សមាជិកឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺមានអំណាច ដែលមានលទ្ធភាពច្រើនជាសមាជិករដ្ឋសភា និងព្រឹទ្ធសភាទៅទៀត ហើយសម្ដេចតេជោបានពន្យល់អំពីអំណាចមិនមែនសំដៅត្រង់ថាធ្វើអ្វីឲ្យចេញនិងបាននោះទេ សំខាន់នៅពេលដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់លើកឡើងពីបញ្ហាហើយត្រូវបាននាយករដ្ឋមន្ត្រីបានទទួលយក ហើយបញ្ជានិងចាត់ចែងដោយឲ្យអនុវត្តរឿងដែលបានកើតមានឡើងដើម្បីធ្វើការកែលម្អអោយមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ដែលត្រូវចំណាយពេលប្រមាណជាង៦ម៉ោងនោះ ក៏មានប្រធានបទ និងបញ្ហាជាច្រើនទៀតដែលលើកឡើងដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ហើយបញ្ហាទាំងអស់នោះត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីទទួលយក និងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង