ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានសាងសង់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ , សម្តេចតេជោ ៖ កម្ពុជាមិនឲ្យចិនត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់ត្រួតត្រាកម្ពុជានោះដែរ

118


ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជា និងមិត្តចិនទាំងអស់ថា កម្ពុជាមិនឲ្យចិនត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់ត្រួតត្រាកម្ពុជានោះដែរ។ នៅព្រឹក ថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលគម្រោងថវិកាជិត ៥០លាន ដុល្លារអាមេរិក ដែលជាជំនួយរបស់មិត្តចិន។

លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ចិន ព្រះកុសុម: ដែលជាគម្រោងទី១ ដែលបានចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

លោករដ្ឋមន្រ្តី បានបន្ថែមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺសាងសង់លើផ្ទៃដី ២៤.៣០០ម៉ែត្រការ៉េ នៅលើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងសាងសង់គឺមានរយ:ពេល៤០ខែ ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥.៦៦០.០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យដ៏ធំនេះមានទីធ្លាធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារ ពេទ្យទំនើបៗទៀតផង។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយដែលបានមកអញ្ជើញមកបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅត្បូងឃ្មុំ។ សម្តេចតេជោ បានចាត់ទុកជាសមិទ្ធផលជាតិមួយយ៉ាងសំខាន់នៃផ្នែកសុខាភិបាល សម្រាប់បម្រើប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងសម្រាប់ខេត្តផ្សេងៗទៀតដែលនៅជិតខេត្តនេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយប្រទេសកម្ពុជា លើការកសាងសមិទ្ធផលជាតិជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន មន្ទីរពេទ្យ និងវិស័យផ្សេងៗ ជាច្រើនទៀត។ បច្ចុប្បន្ននេះ វិនិយោគគិនចិនគឺជាអ្នកមកវិនិយោគធំជាងគេនៅក្នុង ប្រទេសកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចនិងផ្តល់ការងារ ដល់ពលរដ្ឋកម្ពុជាយ៉ាងច្រើនទៀតផង។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកអនុស្សាវរីយ៍របស់សម្តេច ក្នុងសម័យតស៊ូរំដោះ ប្រទេសជាតិបាន រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលសម្តេចមានអនុស្សាវរីយ៍ជូរចត់យ៉ាងច្រើន នៅក្នុងតំបន់នៃខេត្តនេះផ្ទាល់តែម្ដង។ ជាពិសេសទីនេះគឺជាទឹកដីដែល សម្ដេចតេជោ បានរៀបអាពាហ៍ពិពាហ៍ ហើយក៏ជាទីកន្លែងដែលកូនទី១ របស់សម្តេចបានចាប់កំណើត នឹងទទួលមរណៈ នៅលើទឹកដីនៃខេត្តត្បូងឃ្មុំ ដែលពីមុនជាខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអណរគុណជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ ដែលបានជួយយកអាសារសម្តេចក្នុងសម័យរំដោះប្រទេសជាតិ និងអរគុណចំពោះបងប្អូន ប្រជាពលរដ្ឋមួយទៀត ដែលបានចូលរួមក្នុងចលនាតស៊ូរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗ អាណត្តិកន្លងមកដែលបានផ្តល់ឱកាសឲ្យសម្តេច បានដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យរីកចម្រើនមកទល់សព្វថ្ងៃ។ បងប្អូនបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបងប្អូន បោះឆ្នោតឲ្យខ្លួនឯង ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួយរបស់មិត្តចិនក្នុងការកសាងមន្ទីរពេទ្យនេះ គឺជាគោលដៅមួយក្នុងការរួមចំណែកអភិវឌ្ឍ គោលនយោបាយគាំពារសង្គមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ តាំងពីអណត្តិទី៥ ក្នុងការថែទាំសុខុមាលភាពជូន ដល់ប្រជាពលរដ្ឋ ជាពិសេសសុខភាពស្ត្រី មាតា និងទារក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ដោយហ្មឺងម៉ាត់សារជាថ្មីថា អាណត្តិនេះ គឺត្រូវតែមានការកែទម្រង់ស៊ីជម្រៅបំផុត ដើម្បីបម្រើផលប្រយោជន៍ អោយបានដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតពិតប្រាកដ គឺសម្តេចតេជោបានចាប់ផ្តើមអនុវត្តអភិក្រម ទាំង៥គឺ ១-ឆ្លុះកញ្ចក់, ២-ងូតទឹក ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់។ សម្តេចតេជោ បានបញ្ជាក់ច្បាស់ថា ទោះជាមន្ត្រីមានឋានៈប៉ុណ្ណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយ ក៏ដោយ ឲ្យតែបំពានប្រយោជន៍ប្រជាជន គឺសម្តេចត្រូវតែអនុវត្ត តាមអភិក្រមនេះ ដើម្បីបំរើប្រជាពលរដ្ឋប្រកបដោយសេចក្តីទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់។

ដោយសារកាលពីពេលថ្មីៗកន្លងងទៅនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងចំពោះ ជំងឺឆ្កែឬឆ្មាខាំ ដែលមានផ្សាយតាមហ្វេសប៊ុគមួយចំនួន នៅថ្ងៃនេះ សម្តេចតេជោ បានអំពាវនាវដល់ពល រដ្ឋសូមកុំមានការភ័យតក់ស្លុតខ្លាំងពេក ហើយសម្រុកនាំគ្នាទៅចាក់ថ្នាំបង្ការ។ រីឯបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដែលមិនមានឆ្កែខាំផងក៏នាំគ្នាសម្រុក ទៅចាក់ថ្នាំនៅវិទ្យាស្ថានប៉ាស្ទ័រ និងនៅតាមមន្ទីរពេទ្យដទៃៗ ទៀត ដែលធ្វើអោយមានការប៉ពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាកកស្ទះយ៉ាងខ្លាំង។

នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជា និងមិត្តចិនទាំង អស់ថា កម្ពុជាមិនឲ្យចិនត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់ត្រួតត្រាកម្ពុជានោះដែរ។ ការដែលសម្តេចមានប្រសាសន៍បែបនេះ គឺដោយសារកន្លងមកមានមតិមួយចំនួន តែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបើកអោយចិនមកត្រួតត្រា ហើយមានបំណងចង់ដេញចិនឲ្យទៅវិញ។ ដូច្នេះសម្តេច បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យចិនមកត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់មកត្រួតត្រាកម្ពុជានោះដែរ គឺមិត្តចិនគេមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសយើង ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។ មិត្តចិនគេគោរពបូរណភាព និងអធិបតេយ្យភាពកម្ពុជាយើងណាស់។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីសម្ពោធបើកការដ្ឋាន នៃការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនត្បូងឃ្មុំទាំងអស់នៅថ្ងៃនេះ ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ ក្នុងពេលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនជូនដល់ លោកយាយ លោកតា យុវជន សិស្ស និស្សិត និងផ្តល់ថវិកាជូនសាលារៀន មន្ទីរពេទ្យ និងស្ថាប័នក្នុងខេត្តមួយចំនួនទៀត ហើយបន្ទាប់មកសម្តេចតេជោ និងឯកឧត្តម​ ឯកអគ្គរដ្ឋទូតនៃប្រទេសចិនបានអញ្ជើញចុចប៊ូតុងបើការដ្ឋានសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង