សម្តេចពិជ័យសេនា ប្រាប់ដល់មន្រ្តីថ្នាក់ក្រោម ត្រូវលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ មិនត្រឹមត្រូវ
កោះកុង ៖សម្តេចពិជ័យសេនា បានថ្លែងថា គណៈបញ្ជាការគ្រប់ជាន់ថ្នាក់ ត្រូវមានការទទួលខុសត្រូវ ក្នុងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ មិនត្រឹមត្រូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសារធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បី បង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិ គ្រប់រូបភាព អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ ពាក់ព័ន្ធធនធានធម្មជាតិទាំងអស់ ត្រូវពង្រឹងវិន័យ ភាពស្អាតស្អំ និងត្រូវដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើសធនធានធម្មជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាគណៈអធិបតី ក្នុងពិធីបិទសន្និបាទ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង ដែលបានរៀបចំឡើង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលមហោស្របខេត្តកោះកុង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចនានា កុំប៉ះពាល់ ឬពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន ពិសេសគ្រប់អង្គភាពត្រូវនាំគ្នាផ្សព្វផ្សាយ អប់រំ និង ទប់ស្កាត់ នៅតាមទីសារធារណះ សាលារៀន ដើម្បីឲ្យពលរដ្ឋជៀសឆ្ងាយពីគ្រឿងញៀន។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការក្រើនរំលឹក និងស្នើដល់មន្ត្រីរាជការទាំងអស់ត្រូវអនុវត្តន៍ ឲ្យបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រី គឺកែទម្រុងខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអធិបតេយ្យភាពជាតិ និង ឆ្លុះកញ្ចក់ ងូតទឺក ដុសក្អែល ព្យាបាល និង វះកាត់៕