ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើសកម្មភាពលួចម៉ូតូគេបាន១សប្តាហ៍ ម្ចាស់ប្រទះឃើញម៉ូតូថតលើផ្លូវរថភ្លើងហៅ សមត្ថកិច្ចចាំស្ទាក់ចាប់បាន ជួយមួយនឹងថ្នាំញៀន១កញ្ចប់ធំ

100

ភ្នំពេញ៖ ជនសង្ស័យម្នាក់យ្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរួបនេះធ្វើសកម្មភាពលួចម៉ូតូគេបាន១សប្តាហ៍ ហើយត្រូវ
ម្ចាស់គេប្រទះឃើញម៉ូតូថតលើផ្លូវរថភ្លើងទើបជនរងគ្រោះហៅសមត្ថកិច្ច ចាំស្ទាក់ចាប់បានតែម្តង ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំថែមទៀត។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង១០នាទីព្រឹក នៅចំណុចលើរថភ្លើង ស្ថិតក្រុមទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យបានប្រព្រឹត្តិករណីលួចម៉ូតូនៅចំណុចផ្ទះជួលលេខ៧១ ផ្លូវលេខ៥៩៨ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទីយប់។


សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ហួត សុខហេង ហៅ ហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវរថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនជនសង្ស័យ នគរបាលបានធ្វើការដកហូតវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-7091 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួច), ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១កញ្ចប់ធំ និងលុយខ្មែរចំនួន៤០០.០០០៛ (សែសិបម៉ឺនរៀល)។ ចំណែកជនរងគ្រោះឈ្មោះ លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលលេខ៧១ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលបន្តថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ជនរងគ្រោះឈ្មោះ លន់ សុខុម បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៤ ចេញពីធ្វើជាងសំណង់នៅម្ដុំការសំណង់ផ្សារថ្មី ត្រឡប់មកផ្ទះជួលវិញ ពេលមកដល់ផ្ទះ ជនរងគ្រោះបានចតម៉ូតូទុកនៅខាងក្នុងបរិវេណផ្ទះជួលខាងលើបន្ទប់ជួលខ្លួន ដោយមិនបានចាក់សោ.កម៉ូតូទេ រួចហើយជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនទៅ។ ប្រហែល១៥នាទី ជនរងគ្រោះក៏ចេញបម្រុងទៅទិញបាយហូបនៅខាងក្រៅ ស្រាប់តែមកដល់កន្លែងទុកម៉ូតូវិញ ក៏បាត់តែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូខ្លួនមកវិញ។ លុះមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង១០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ទៅធ្វើការជាជាងសំណង់នៅការដ្ឋានសំណង់នៅម្ដុំផ្សារថ្មី។ លុះពេលជនរងគ្រោះជិះតែម្នាក់ឯងមកដល់ចំណុចផ្លូវរថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ឃើញម៉ូតូរបស់ខ្លួន ដែលបាត់នោះ ចតនៅលើផ្លូវរថភ្លើង។ ភ្លាមនោះ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់កម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក ដែលកំពុងល្បាតការពារសុវត្ថិភាពនៅមូលដ្ឋាននៅជាប់ព្រំប្រទល់គ្នា និងសង្កាត់ស្រះចក ទើបជួយអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត សុខហេង ហៅ ហេង និងចាប់យកម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងឆែកនៅក្នុងខ្លួនជនសង្ស័យរូបនេះ មានវត្ថុតាងក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ នៅក្នុងហោប៉ៅខោខាងស្ដាំ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ រួមនឹងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ និងក្រាមពណ៌សថ្លាមួយកញ្ចប់ធំ) បញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង។


បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត សុខ ហេង សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះ មកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាពវិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហួត សុខហេង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

   

អត្ថបទដែលជាប់ទាក់ទង