ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកខឿន សួនច្បារវត្តភ្នំ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទាំងយប់

105

ភ្នំពេញ ៖ រថយន្ដមួយគ្រឿង និងសួនសាធារណៈ រង្វង់មូលវត្តភ្នំ បានទទួលរងការខូចខាតដូចគ្នា ខណៈដែលមានបុរសម្នាក់ ស្រវឹងស្រាបើករថយន្តលឿនដូចព្យុះ ជ្រុលបុកផ្លោះឡើងទៅលើ ខឿនចិញ្ចើមផ្លូវ យ៉ាងពេញទំហឹងនោះ ។ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-1541 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរក្រឡឹងរង្វង់មូលវត្តភ្នំ ពីកើតមកលិចក្នុងល្បឿនលឿន។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយមិនបន្ថយល្បឿន រថយន្តក៏ជ្រុលបុកឡើងខឿនចិញ្ចើមផ្លូវផ្លោះពីម្ខាងទៅម្ខាងទៀត បណ្ដាលឲ្យរថយន្ដបែកកង់ រងការខូចខាត និងធ្វើឲ្យខូចខាតខឿនចិញ្ចើមផ្លូវផងដែរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងនាំអ្នកបើកបររថយន្ដទៅសួរនាំ នៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង។ រីឯរថយន្ដ សមត្ថកិច្ចធ្វើការវាស់វែង ​និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង