ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនម្ចាស់ក្លឹប ម៉ៃអាមី និងមនុស្ស៦នាក់ទៀត ដែលពាក់ព័ន្ធគ្រឿងញៀន

107

(ភ្នំពេញ)៖ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លូនម្ចាស់ក្លឹប ម៉ៃអាមី ឈ្មោះ ស្រេង វរ: និងស្ត្រី២នាក់ ពន្ធនាគាររាជធានីភ្នំពេញ ( PJ ) និងបក្ខពួក៤នាក់ទៀត បញ្ជូនទៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ ។

ជនជាប់ចោទ ស្រេង វីរៈ ជាម្ចាស់ក្លឹប និងមេការពីរនាក់ ត្រូវបានតំណាងអយ្យការ បានចោទប្រកាន់ពីបទល្មើស ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន។ ចំណែកបក្ខពួក៤នាក់ទៀត ត្រូវចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើជួញដូរ រក្សាទុក ចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់។

សូមបញ្ជាក់ថា គ្រឿងញៀនប្រមាណជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប ម៉ៃអាមី។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើន នៅក្នុងក្លឹបផងដែរ។ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។ ចំពោះម្ចាស់ក្លឹប «ម៉ៃអាមី»ម្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារចំនួន៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយចេញពីពន្ធនាគារវិញ នៅឆ្នាំ២០១៥កន្លងទៅ។
ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន៣២នាក់។ សម្រាប់យុវជនទាំងអស់ដែលត្រូវចាប់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ សម្រាប់អ្នកដែលគ្មានគ្រឿងញៀន និងអ្នកដែលមានគ្រឿងញៀនត្រូវបញ្ជូនទៅកាន់មណ្ឌលសន្សាបគ្រឿងញៀន។

សូមជម្រាបថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លឹបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងថ្នាំញៀនមួយចំនួនផងដែរ។
ក្លឹបកម្សាន្ត ម៉ៃអាម៊ី នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ ។

អត្ថបទដែលជាប់ទាក់ទង