ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួប៤៤ឆ្នាំ​ នៃថ្ងៃ១៧​ មេសា

87

ថ្ងៃនេះខួប៤៤ឆ្នាំ​ (១៧​ មេសា​ ១៩៧៥​-១៧​ មេសា​ ឆ្នាំ​ ២០១៩​)​ នៃការចាប់ផ្តេីមរបបប្រល័យពូជសាសន៍​ កម្ពុជាប្រជាធិបតេយ្យ​ “ខែ្មរក្រហម”។

លោកនេត ភក្រ្តា អ្នកនឹងនាំពាក្យសាលាក្តីខ្មែរក្រហម បានសរសេរលើផេកហ្វេសប៊ុកថា ១៧ មេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានឡើងដឹកនាំប្រទេស និងផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ និងនៅតំបន់ផ្សេងៗទៀត។ ពលរដ្ឋខ្មែររស់នៅក្រោមឈាមនិងទឹកភ្នែក រងទុក្ខវេទនា ឈឺចាប់ខ្លោចផ្សារ ហើយពលរដ្ឋខ្មែរជាច្រើនលាននាក់បានស្លាប់បាត់បង់ជីវិតដោយការសម្លាប់ អត់អាហារ ការធ្វើទារុណកម្ម ការធ្វើការងារហួសកម្លាំង គ្មានថ្នាំសង្កូវព្យាបាល និងការបោសសម្អាតផ្ទៃក្នុង។ ៤៤ ឆ្នាំក្រោយ អតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត គឺ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជន និង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានអង្គជំនុំសាលាដំបូងនៃអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិតពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងក្នុងសំណុំរឿង ០០២ (០០២/០១ និង០០២/០២)។

បច្ចុប្បន្ន ដំណើរការនីតិវិធីនៃសំណុំរឿង ០០២/០២ ប្រឆាំង នួន ជា និងខៀវ សំផន ស្ថិតនៅក្នុងការពិនិត្យនីតិវិធីសម្រាប់បណ្តឹងសាទុក្ខ ក្រោយសាលាដំបូងប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ ផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមទាំងដាក់ពន្ធនាគារអស់មួយជីវិត។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលជាតុលាការជាតិដោយមានការចូលរួមពីអន្តរជាតិ បង្កើតឡើងក្នុងគោលបំណងដើម្បី៖ ១-ស្វែងរកយុត្តិធម៌ដល់អ្នកដែលស្លាប់បាត់បង់ជីវិតនិងជនរងគ្រោះដែលរួចរស់ជីវិតពីរបបខ្មែរក្រហម ២-ចូលរួមស្វែងរកការពិត ៣-ចូលរួមក្នុងការពង្រឹងការផ្សះផ្សាជាតិ និងពង្រឹងសន្តិភាព ៤-ការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះដែលរងទុក្ខវេទនាខ្លោចផ្សា ៥-ការចងចាំដើម្បីទប់ដ្កាត់ និងបង្ការការវិលត្រឡប់មកវិញនៃអំពើសាហាវឃោរឃៅដូចអតីតកាល៕

អត្ថបទដែលជាប់ទាក់ទង