បិទផ្លូវជាតិលេខ៤ ក្រោយអាជ្ញាធរចុះរុះរើសំណង់អនាធិបតេយ្យ ក្នុងឃុំបិទត្រាំង
(ព្រះសីហនុ)៖ អាជ្ញាធរ ខេត្តព្រះសីហនុ បានចុះរុះរើសំណង់ អនាធិបតេយ្យមួយចំនួន ដែលប្រជាពលរដ្ឋមួយចំនួន បានសាងសង់នៅលើដីមានម្ចាស់។ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះបន្ទាប់ ពីអាជ្ញាធរចុះមានវិធានការក្តៅ បានធ្វើឲ្យប្រជាពលរដ្ឋ ជាម្ចាស់សំណង់នោះបាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ ស្ថិតនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើសំណង់អនាធិបតេយ្យ នៅឃុំបិទត្រាំង ស្រុកព្រៃនប់ ប៉ុន្តែនៅពេលដែលអាជ្ញាធរចុះរុះរើ ស្រាប់តែប្រជាពលរដ្ឋប្រមាណ៤០ នាក់ ដែលបានទៅចាប់ដីនៅលើដីមានម្ចាស់នេះ បាននាំគ្នាតវ៉ាកាប់ដើមឈើយកទៅបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យមានការកកស្ទះអស់។
បន្ទាប់ពីមានករណីនេះ អាជ្ញាធរបានចុះសម្របមស្រួល ហើយពន្យល់ដល់ប្រជាពលរដ្ឋ ដែលបានចាញ់បោកមេខ្យល់ ឱ្យបានយល់ដឹងអំពីទង្វើខុសច្បាប់ ដោយទៅកាន់កាប់លើដីមានម្ចាស់រួចហើយ។ ក្រោយពីសម្របសម្រួលនេះ ប្រជាពលរដ្ឋទាំងនោះក៏បានដកថយ ហើយសមត្ថកិច្ចក៏បានយកឈើដែលពលរដ្ឋដាក់ឃាំងបិទផ្លូវនោះចេញ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់ធម្មតាឡើងវិញ។
ករណីនេះមិនមានការប៉ះទង្គិចគ្នានោះទេ ដោយសារតែប្រជាពលរដ្ឋទាំងនោះ បានទទួលយកនូវអ្វីដែលជាការពន្យល់ផ្នែកច្បាប់របស់អាជ្ញាធរ និងសមត្ថកិច្ច ប៉ុន្តែករណីបានធ្វើឱ្យកកស្ទះដល់ដំណើររបស់ប្រជាពលរដ្ឋ ដែលចេញពីការកម្សាន្តនៅខេត្តមាត់សមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៕