ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងប្រដាប់អាវុធថៃ បាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ របួស ១នាក់ពេលឆ្លងដែនចូលកាប់ឈើគ្រញូង

354

ខេត្តពោធិ៍សាត់ ៖កងកម្លាំងជនជាតិថៃ បាញ់ ប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និង ១នាក់ទៀតរងរបួសធ្ងន់ នៅពេលដែលជនរងគ្រោះទាំង ២នាក់លួចឆ្លងដែនចូលទឹកដីប្រទេសថៃកាប់ឈើគ្រញូង កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នៅភូមិថានសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ នៅចំណុចទល់មុខច្រក៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមសេចក្តីរាយការណ៍នេះ បានឱ្យដឹងថា ជនរងគ្រោះដែលថៃបាញ់ស្លាប់មានឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកពី ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ត្រូវគ្រាប់កាំភ្លើងត្រង់ចំណុចបោះដៃផុតធ្លុះចូលចុងដង្ហើម។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ អាន វិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវរបួស៣កន្លែង គឺត្រង់ប្រអប់ដៃស្តាំ ភ្លៅស្តាំ និងប្រអប់ជើងស្តាំ។ សពជងរងគ្រោះត្រូវបានថៃបញ្ជូនទៅខេត្តច័ន្ទបុរី ដើម្បីធ្វើកោសល្យវិច្ច័យ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត។

បើតាមការបញ្ជាក់របស់យោធាយោធភូមិភាគទី៥ ជនរងគ្រោះដែលថៃបាញ់ខាងលើនេះ បានឆ្លងចូលទៅកាប់ឈើគ្រញូងនៅលើទឹកដីថៃ ចំងាយប្រមាណ៣គីឡូម៉ែត្រ ពីព្រំដែនប្រទេសទាំងពីរ។ នៅកន្លែងកើតហេតុ ដែលស្លាប់ជនរងគ្រោះម្នាក់ ក៏មានភ្ជាប់ជាមួយនឹងឈើគ្រញូង២ដុំ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីកងកម្លាំងប្រដាប់ដោយអាវុធថៃ បាញ់សម្លាប់ប្រជាពលខ្មែរនេះ ពុំមែនទើបកើតមាននោះទេ សម្រាប់ឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺកើតមានជាហូរហែ នាពេលកន្លងមក ដោយសារមេឈ្មួញរកស៊ីឈើគ្រញូងបំផុសបំផុល ខណៈមានការរួមចំណែកឃុបឃិតពីសំណាក់សមត្ថកិច្ចព្រំដែន ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែននេះលួចឆ្លងដែនកាប់ឈើលក់ឲ្យពួកឈ្មួញក្នុងតម្លៃមួយដើម្បីរស់ចិញ្ចឹមជីវិត។ ករណីនេះ ប្រជាពលរដ្ឋបានសំណូមពរទៅថ្នាក់លើ បើកការសើបអង្កេតសុីជម្រៅ ទើបប្រជាពលរដ្ឋកាត់បន្ថយការរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង