ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពត កំណត់ទិសដៅរៀបចំបុណ្យសមុទ្រឆ្នាំនេះឱ្យបានល្អជាងគេ

79

(កំពត)៖ នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ (ជុំទី២) នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត បានប្រកាសដាក់ទិសដៅជាច្រើន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨នេះ ឱ្យកាន់តែអធិកអធមជាងឆ្នាំមុនៗ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ខេត្តកំពតមានសក្ដានុពលខ្ពស់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះមានទីក្រុងបេតិកភណ្ឌ រមណីយដ្ឋានទេសចរណ៍ធម្មជាតិយ៉ាងច្រើនសម្បូរបែប មានតំបន់កសិទេសចរណ៍។

លោករដ្ឋមន្ត្រីបានប្រកាសដាក់អនុសាសន៍មួយចំនួន រួមមាន៖ ជំរុញមានការរៀបចំ «វិថីម្ហូបអាហារ» ឬហៅថា Food Street នៅទីតាំងណាមួយនៃពិធីបុណ្យសមុទ្រខាងមុខឱ្យបានល្អប្រសើរ ហើយ Food Street នេះ ក៏ទុកជាផលិតផលទេសចរណ៍អចិន្ត្រៃយ៍ សម្រាប់ទីក្រុងកំពតផងដែរ។ ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជួនជួយពន្លឿនការជួសជុលផ្លូវជាតិលេខ៣ ផ្លូវមកពីវាលរេញ និងផ្លូវដទៃទៀត ដែលភ្ជាប់មកខេត្តកំពត។ ស្នើពន្លឿនការសាងសង់កំពង់ផែទេសចរណ៍ ដោយបង្កើនការធ្វើការ និងបន្ថែមចំនួនកម្មករជំនាញ និងវិស្វករ។ ត្រៀមរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកឲ្យបានសម្បូរបែប ប្រកបដោយគុណភាព បើអាចធ្វើបានស្នើរៀបចំការតាំងលក់សម្លៀកបំពាក់ល្អៗដែលផលិតក្នុងស្រុក ដូចជាផលិតផល outlet ជូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ នៅក្នុងពិធីបុណ្យសមុទ្រ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានទិញយកទៅប្រើប្រាស់ក្នុងតម្លៃមួយសមរម្យ។

នាំគ្នាធ្វើឲ្យគោលដៅទេសចរណ៍កំពត ជាគោលដៅគំរូខាងគុណភាពផលិតផល ទំនិញ និងសេវា គ្មានទំនិញក្លែងក្លាយ និងអន់គុណភាព។

នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងមរមណីយដ្ឋានទេសចរណ៍នានា ត្រូវគិតគូរលើបញ្ហាអនាម័យចំណីអាហារ បដិសណ្ឋារកិច្ច ការទុកដាក់សំរាម កាកសំណល់ផ្សេងៗ។

ត្រូវបន្តបំផុសចលនាឲ្យប្រជាជនចូលរួមគ្រប់ៗគ្នា ពិសេសចលនា «គ្មានសំរាមក្រោមតុ»។

ត្រូវបង្កើនយុទ្ធនាការបង្គន់អនាម័យ ទាំងសាធារណៈ និងឯកជន ទៅតាមស្តង់ដារជាតិ និងអន្តរជាតិ។ យើងឯកភាពគ្នាយកខេត្តកំពតជាខេត្តគំរូ ខាងបង្គន់អនាម័យសាធារណៈល្អ។

មន្ទីរទេសចរណ៍ខេត្តកំពត សហការជាមួយនាយកដ្ឋានជំនាញ ត្រូវផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យបានទូលំទូលាយចាប់ពីពេលនេះទៅ ដូចជារមណីយដ្ឋានទេសចរណ៍ថ្មីៗ ដូចជារមណីយដ្ឋានកសិទេសចរណ៍ ចម្ការម្រេចដ៏ល្បីល្បាញ រមណីយដ្ឋានភ្នំបូកគោ ពិសេសព័ត៌មានដែលភ្ញៀវទេសចរអាចមើលឃើញកញ្ចុំផ្កាយរាប់លានដួង ឬហៅថា កាឡាក់ស៊ីមីគីវ៉េយ នៅលើភ្នំបូកគោ។

គួររៀបចំវាលស្រែអំបិលឲ្យបានល្អ ទុកសម្រាប់ទេសចរ ស្វែងយល់ និងទស្សនា។

ជំរុញឱ្យបង្កើតសកម្មភាពបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ចាប់ពីពេលនេះតទៅអោយបានសកម្មនិងផុលផុលផុសពិសេសអំពីអនាម័យម្ហូបអាហារ ការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ ដាច់ខាតត្រូវគិតគូរលើភាពស្អាត និងបៃតង។

ត្រូវផ្សព្វផ្សាយប្រាប់ប្រជាជនក្នុងខេត្តឱ្យត្រៀមរៀបចំការតុបតែងលម្អលំនៅដ្ឋាន និងទីធ្លារជុំវិញផ្ទះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តក្នុងពិធីបុណ្យសមុទ្រ ពិសេសអាជ្ញាធរក៏ត្រូវរៀបចំតុបតែងលម្អទីក្រុងឱ្យបានស្អាត ប្រកបដោយភាពទាក់ទាញ។
អាជ្ញាធរត្រូវគិតគូរលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការចតយានយន្តនៅតាមផ្លូវក៏ត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់ផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨នេះ នឹងត្រូវធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០១៩។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោករដ្ឋមន្រ្តី បានអញ្ជើញទៅមើលការគ្រប់គ្រងរបស់រមណីយដ្ឋានកសិ-ទេសចរណ៍ ចំការម្រេច La Plantation នៅខេត្តកំពតមួយនេះ ។
ក្នុងឱកាសនោះ លោកថោង ខុន បានថ្លែងថា ខ្ញុំគិតថា ទោះបីអាចថាមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៃស្តង់ដារ រមណីយដ្ឋានកសិទេចរណ៍ តែខ្ញុំគិតថា វាអាចយកជាមូលដ្ឋានរៀនសូត្របាន។ ខ្ញុំបានទៅដល់ទីនោះ កាលពីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នេះ តាមការ រាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត។ ខ្ញុំឃើញថាៈ
១- លើផ្នែកបច្ចេកទេសកសិកម្ម ពួកគាត់បានយកចិត្តទុកដាក់ដោយហ្មត់ចត់ នៅលើបច្ចេកទេសដាំដុះដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃស្តង់ដារ GI -Geographical Identification ពោលគីចាប់តាំងពីគុណភាពទឹក ស្រោចស្រព ការប្រមូលផល ការវេចខ្ចប់។ល។
២- លើផ្នែកគ្រប់គ្រង ទេសចរណ៍ពួកគាត់ ធ្វើការគ្រប់គ្រងបានល្អ មានអ្នកគ្រប់គ្រង ខាងផ្នែកលក់ មានបដិសណ្ឋារកិច្ចល្អ មានមគ្គុទេស្ទក៍ ដែលចេះជំនាញកសិកម្ម យល់ដឹងពីដំណាំម្រេច និងមានជំនាញវិជ្ជាជីវៈមគ្គុទេស្ទក៏ច្បាស់លាស់។ ភ្ញៀវចូល ទស្សនាចំការត្រូវបានរៀបចំជាក្រុម។មានអ្នកគ្រប់គ្រងភ្ញៀវចេញ-ចូល កត់ត្រា បានត្រឹមត្រូវ មិនចាំបាច់លក់សំបុត្រចូល ដែលនាំរំខានដល់ភ្ញៀវ។ការដាក់តាំងលក់ផលិតផល និងសេវាភេសជ្ជៈបានល្អ ប្រកបដោយវិជ្ជាជីវះ។
៣-ការផ្សព្វផ្សាយបានល្អ តាមរយះ website ផ្ទាល់។
៤- ភ្ញៀវភាគច្រើនជាភ្ញៀវអឺរ៉ុប ៦០% ជាបារាំង។
នៅខេត្តកំពត មានរមណីយដ្ឋាន កសិ-ទេសចរណ៍ចំការម្រេច មួយទៀត ឈ្មោះ Starling Ridge នៅក្បែរគ្នា ក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដែលមានការគ្រប់គ្រងល្អ​ស្រដៀងគ្នា។
៥- ចំណុច ដែលនៅសេសសល់ របស់យើង គីផ្លូវទៅកាន់ទីនោះមិនទាន់បាន​អភិវឌ្ឍន៏ល្អ។ក្រសួងអភិវឌ្ឍន៏ជនបទនឹងធ្វើផ្លូវក្រាលកៅស៊ូជូននៅឆ្នាំ២០២០។រីឯផ្លាកសញ្ញាចង្អុលបង្ហាញតាមដងផ្លូវក៏នៅខ្វះខាត។
នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ គួររៀចំ Farm Trip នៃមន្ទីរទេសចរណ៍ ទាំង២៥ និងផ្នែកពាក់ព័ន្ធ ទាំងផែ្នកសាធារណៈ និងផ្នែក ឯកជន​ទៅស្វែងយល់ និងសិក្សារៀនសូត្រនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង