ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យសមត្ថកិច្ចពិនិត្យលើការងារគ្រប់គ្រង ត្រួតពិនិត្យការនាំចូល នាំចេញ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំនៅក្នុងប្រទេសកម្ពុជា

75

ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន បានថ្លែងថា ក្រសួងស្ថាប័នមាន សមត្ថកិច្ចក្នុងការអនុញ្ញាតឲ្យនាំចូល-នាំចេញនូវសារធាតុគីមីផ្សំរបស់ក្រុមហ៊ុនសហគ្រាសរដ្ឋ និងឯកជនទាំងអស់ ត្រូវពង្រឹងយន្តការគ្រប់គ្រង ត្រួតពិនិត្យ ធ្វើអធិការកិច្ចរាល់ការប្រើការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីដែលខ្លួនបានអនុញ្ញាតឲ្យនាំចូល។

កិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន ត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមាន៖
ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋាន កាលពីថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០១៩។

បើតាមលោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា គោលបំណងកិច្ចប្រជុំ៖
ជម្រុញ និងលើកកម្ពស់ការបំពេញតួនាទីភារកិច្ចរបស់ក្រុមការងារអន្តរក្រសួង លើការងារគ្រប់គ្រង ត្រួតពិនិត្យការនាំចូល នាំចេញ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំនៅក្នុងប្រទេសកម្ពុជា និងពង្រឹងយន្តការបង្ការ ទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់យកទៅសំយោគលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់។

ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមប្រធានក្រុមការងារអន្តរក្រសួង បានណែនាំ ដូចខាងក្រោម៖ ១- ក្រសួង-ស្ថាប័នមានសមត្ថកិច្ចចេញអាជ្ញាប័ណ្ណឲ្យនាំចូលនូវសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន សហគ្រាសរដ្ឋ និងឯកជនទាំងអស់ ត្រូវពង្រឹងនិតិវិធីក្នុងគ្រប់គ្រង ត្រួតពិនិត្យ ការនាំចូល ការប្រើប្រាស់ និងការរក្សាទុក ដោយត្រូវពិនិត្យលម្អិតនៅគ្រប់ដំណាក់កាល ទាំងដំណាក់កាលស្នើសុំ ដំណាក់កាលនាំចូល និងដំណាក់កាលប្រើប្រាស់រក្សាទុក។
២-ស្នើសុំឲ្យស្ថាប័នគយដែលមានសមត្ថកិច្ចត្រួតពិនិត្យមុនគេនៅតាមច្រកទ្វារ ត្រូវផ្តោតការយកចិត្តទុកដាក់លើការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធនឹងការស្នើសុំរបស់គ្រុមហ៊ុន សហគ្រាស ដែលចេញដោយក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ពិតប្រាកដ ស្របច្បាប់ ជាពិសេសត្រួវត្រួតពិនិត្យលើការបិទស្លាកសញ្ញាប្រភេទសារធាតុគីមីច្បាស់លាស់ ទើបអនុញ្ញាតអោយនាំចូល ។
៣-គ្រប់ស្រួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធក្នុងផ្លាស់ប្តូរព័ត៌មានជូនគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការត្រួតពិនិត្យសារធាតុគីមីផ្សំនិងរួមគ្នាទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់យកទៅសំយោគលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់។
៤- ពង្រឹងវិធានការអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាល ដល់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន សហគ្រាសរដ្ឋ និងឯកជនទាំងអស់ ឲ្យយល់ដឹងអំពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ និងវិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីផ្សំខុសគោលដៅ និងយល់ដឹងអំពីបទប្បញ្ញាតិពាក់ព័ន្ធនឹងការត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលបានកំណត់ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង