ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម

98

នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។

ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជាសម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានជួបជុំពិសារអាហារស្រាយបួស «ខែរ៉ម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម ៤,៧៥០នាក់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន៣២០នាក់ផងដែរ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ៣នាក់ទៀតផង។

ខ្ញុំសូមអរគុណ បងប្អូន កូនក្មួយ ខ្មែរ-ឥស្លាមទាំងអស់ដែលបានរង់ចាំទទួលស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់ និងបានថតរូបអនុស្សាវរីយ៍ ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅមកលើរូបខ្ញុំ។

ភាពសប្បាយរីករាយទាំងអស់នេះ គឺកើតឡើងទៅបាន ក៏ដោយសារកត្តាសុខសន្តិភាព ដែលមានលោកយាយ លោកតា អ៊ំ ពូមីង ឪពុកម្ដាយ និងបងប្អូនកូនក្មួយទាំងអស់ បានចូលរួមថែរក្សា ការពារជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សូមបងប្អូន កូន ក្មួយបន្តចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស។ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ទៅបាន។

សូមអរគុណបងប្អូនខ្មែរ-ឥស្លាមទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលមានខ្ញុំជាប្រធាន ដើម្បីដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម គឺមានទំហំធំធេង ដែលនឹងស្ថិតស្ថេរជានិច្ចនិរន្តរ៍។ ពិតណាស់ ការរីក ចម្រើនរបស់កម្ពុជា គឺបានមកពីការចូលរួមរបស់បងប្អូនខ្មែរឥស្លាមទាំងអស់គ្នា។

សូមព្រះអល់ឡោះប្រទានពរ និងជួយបីបាច់ថែរក្សាបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង