ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋឡាវ មើលឃើញរដ្ឋសភាកម្ពុជា-ឡាវ មានទំនាក់ទំនងល្អ

271

លោក ប៊ុនញំាង វូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងក្តីសប្បាយរីករាយ នៅពេលឃើញទំនាក់ទំនងរដ្ឋសភាប្រទេសកម្ពុជា និងឡាវកាន់តែល្អ នៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទំាងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

លោកប្រធានរដ្ឋបានសម្តែងក្តីរីករាយបែបនេះ នៅពេលទទួលជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូនៅវិមានរដ្ឋ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ។

លោក ប៊ុនញាំង វូរ៉ាជិត បានលើកឡើងថា នៅពេលរដ្ឋសភាប្រទេសជិតខាងទំាងពីរ ដែលមានមិត្តភាព សាមគ្គីភាពជាបងប្អូនតំាងពីយូរលង់មកហើយនោះ មានលក្ខណៈកាន់តែល្អឡើងបែបនេះ គឺនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទំាងពីរកាន់តែច្រើន។ លោកមានសង្ឃឹមថា រដ្ឋសភាកម្ពុជា និងឡាវ នឹងរួមគ្នាជំរុញរាជរដ្ឋាភិបាលប្រទេសទំាងពីរអនុវត្តឲ្យពេញលេញនូវរាល់កិច្ចព្រមព្រៀង អនុស្សរណៈ និងកិច្ចសន្យានានាដែលបានធ្វើជាមួយគ្នា ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទំាងពីរ ដូចជានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ និងកិច្ចការព្រំដែនជាដើម។

លោក ប៊ុនញាំង វូរ៉ាជិត បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសឡាវនៅពេលនេះមានសារសំខាន់ណាស់ ដោយសារនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់សម្តេច បន្ទាប់ពីរដ្ឋសភានីតិកាលទី៦បោះឆ្នោតជូនសម្តេចធ្វើជាប្រធានរដ្ឋសភាបន្តទៀត។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់សម្តេចពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចចំពោះទំនាក់ទំនង និងមិត្តភាព ប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលថ្នាក់ដឹកនាំ និងប្រជាជនឡាវសម្រេចបាន ក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែត្រូវបានលើកកម្ពស់ កាន់តែល្អប្រសើរ។

សម្តេចប្រធានបានជម្រាបឯកឧត្តមប្រធានរដ្ឋឡាវបន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេច និងលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានឯកភាពគ្នា និងវាយតម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទំាងពីរ កម្ពុជា-ឡាវ នាពេលកន្លងមក ក្នុងការបម្រើឧត្តមប្រយោជន៍ប្រជាជាតិទំាងសងខាង រួមទំាងកិច្ចសហប្រតិបត្តិការនានា រវាងស្ថាប័ននីតិប្បញ្ញត្តិទំាងពីរផងដែរ។

ចំពោះទំនាក់ទំនងរដ្ឋសភានៃប្រទេសទំាងពីរវិញ សម្តេចបានលើកឡើងថា កាលពីពេលថ្មីៗនេះរដ្ឋសភាកម្ពុជា និងឡាវ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង