ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សា កីឡាសាកលវិទ្យាល័យអាស៊ាន

72


ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក Muhd Rushdan bin Mohd Jailani ជាប្រធានក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រទេសជាសមាជិកកីឡាសាកលវិទ្យាល័យអាស៊ានទាំង១១នឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន (AUSC) លើកទី២៤ សណ្ឋាគារ Green Palace ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
លោក ស សុខា បានមានប្រសាសន៍ក្នុងឳកាសពិធីបើកកិច្ចប្រជុំថា ថ្ងៃនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានក្តីសោមនស្សរីករាយ ក្រៃលេងបំផុតដែលបានចូលរួមជាអធិបតី និងបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យលើកទី២៤ (24th AUSC Meeting) នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាឱកាសនេះ។
លោកបានបន្តថា ក្នុងនាមលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានប្រធាន អនុប្រធាន សមាជិក ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រធានប្រតិភូតំណាងប្រទេសក្នុងតំបន់អាស៊ានដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំថ្ងៃនេះ។ ការប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៤ នេះ គឺដើម្បីប្រជុំតាមដានក៏ដូចជាប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំជូនក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យ ក៏ដូចជាពង្រឹងការទំនាក់ទំនងរវាងសមាជិក នៃប្រទេសក្នុងតំបន់អាស៊ាន។
លោករដ្ឋលេខាធិការបានបន្ថែមទៀតថា នេះជាមោទនភាពដ៏ធំធេងណាស់ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏រឹងមាំ និងក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលដឹកនាំ យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង