ចាប់ខ្លួនស្រ្តីម្នាក់ជួញដូរថ្នាំញៀនជាង៦០០ គ្រាប់
ឧត្តរមានជ័យ ៖ នគរបាលក្រុងសំរោង បានចាប់ខ្លួនស្រ្តីម្នាក់ ដែលជាមេខ្លោងជួញគ្រឿងញៀន ដោយបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ា មេតំហ្វីតាមីន WY ជាង៦០០ គ្រាប់ ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការដ្ឋាននគរបាលក្រុងសំរោង បានឲ្យដឹងថា ការបង្រ្កាបករណីនេះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ដឹកនាំកម្លាំងជំនាញ និងប៉ុស្ថិ៍នគរបាលរដ្ឋបាលអូរស្មាច់ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឺន រី ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិខាងលើ ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទយ៉ាម៉ា មេតំហ្វីតាមីន WY ចំនួន ៦៧១ គ្រាប់ ម៉ាទឹកកក ១កញ្ចប់ធំ និង ៤កញ្ចប់តូច ថវិកា ៤០៥.០០០ រៀល ទូរស័ព្ទដៃ ២គ្រឿង ព្រមទាំងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ។