ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញឈើជិត 500 ម៉ែត្រគូប នៅសណ្ឋាគារប្រណីតមួយ ក្នុងខេត្តសៀមរាប លោកស្រីហ៊ុន ស៊ីណាត បានស្នើសុំកុំដុតបំផ្លាញ

63

សៀមរាប៖ សមត្ថកិច្ចចម្រុះ មានទាំងនគរបាល ប៉េអឹម និងរដ្ឋបាលព្រៃឈើ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះឆែកក្នុងសណ្ឋាគារអង្គរអេរ៉ា បានរកឃើញឈើប្រណីត ដែលស្តុកទុកយ៉ាងអាថ៌កំបាំង រាប់រយម៉ែត្រគូប ត្រូវបានដឹងឮដល់លោកស្រីហ៊ុន ស៊ីណាត ដោយលោកស្រីបញ្ជាក់មួយម៉ាត់ថា ចាំមើលលើកនេះទៀតថាតើត្រូវរួចខ្លួនទៀតទេ ហើយលោកចៅហ្វាយខេត្តថ្មី លោកទៀ សីហា ហ៊ានបង្ក្រាប ពួកក្រុមរកស៊ីបំផ្លិចបំផ្លាញព្រៃឈើដែរឬទេ? សូមជម្រាបថា ទាំងនេះ គឺជាការលើកឡើងរបស់មិត្តភក្ភិខ្ញុំ ពីអ្នកខេត្តសៀមរាប តែមេត្តាកុំដុតចោលទៀតអី ទុកបរិច្ចាគធ្វើវត្ត ធ្វើសាលារៀនផងណាម្ចាស់ថ្លៃ ។

លោកស្រីហ៊ុន ស៊ីណាត ដែលជាប្អូនរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរដែលផេកហ្វេសប៊ុកកាលពីថ្ងៃទី 4 ខែកក្កដាឆ្នាំ 2019នេះថា “រកឃើញឈើយ៉ាងច្រើន នៅក្នុងសណ្ឋាគារអង្គរអ៊ែរ៉ា លំដាប់ផ្កាយ៤ ខេត្តសៀមរាប។
វីវរហើយម្ដងនេះ សូម្បីលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ក៏មិនហ៊ានលើកទូរស័ព្ទផង..ពាក់ព័ន្ធរឿងរ៉ាវដ៏ធំប៉ុនមហាមេឃ ដែលម្ចាស់សណ្ឋាគារលំដាប់ផ្កាយ បែបមានខ្នងធំហើយ បានហ៊ានកាងឲ្យនោះ
មិនធម្មតាទេ ឈើប្រណីតរាប់រយគូបស្ទើរតែគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញព្រៃឈើ បានសហការគ្នាយ៉ាងរលូន យកមកស្តុកទុកនៅក្នុង សណ្ឋាគារអង្គរអ៊ែរ៉ាលំដាប់ផ្កាយ នៅខេត្តសៀមរាម។
បើតាមមិត្តភក្តិរបស់ខ្ញុំនិយាយថា ក្នុងបេសកកម្មដ៏ក្ដៅគគុកនោះ លោក សំរិទ្ធ សុខុន ព្រះរាជាអាជ្ញារង ដឹកនាំកម្លាំងចម្រុះ ធ្វើការហ៊ុមព័ទ្ធទីតាំងស្តុកឈើទាំងនោះ រយៈពេល២ថ្ងៃទៅហើយ នៅមិនទាន់បញ្ចប់ទៀត។
តាមប្រភពពីកន្លែងស្តុកឈើនោះ បានឲ្យដឹងថា រឿងជំនួញឈើប្រណីត របស់ម្ចាស់សណ្ឋាគារមិនមែនតែម្តងនេះទេ ដែលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចុះធ្វើការបង្ក្រាបនោះ គឺជាច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែម្ចាស់សណ្ឋាគាររូបនោះ ប្រហែលជាមានខ្នងក្រាស់ ហើយមើលទៅ បានជាគ្មានទោសអ្វី សូម្បីសមត្ថកិច្ចនៅខេត្តនោះ ដូចមិនហ៊ានដែរ។
ចាំមើលលើកនេះទៀតថាតើត្រូវរួចខ្លួនទៀតទេ ហើយលោកចៅហ្វាយខេត្តថ្មី លោកទៀ សីហា ហ៊ានបង្ក្រាបពួកក្រុមរកស៊ីបំផ្លិចបំផ្លាញព្រៃឈើដែរឬទេ?សូមជម្រាបថាទាំងនេះ គឺជាការលើកឡើងរបស់មិត្តភក្ភិខ្ញុំពីអ្នកខេត្តសៀមរាប តែមេត្តាកុំដុតចោលទៀតអីទុកបរិច្ចាគធ្វើវត្ត ធ្វើសាលារៀនផងណាម្ចាស់ថ្លៃ” ។

  លោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានថ្លែងប្រាប់កាសែតក្នុងស្រុកមួយថាថា មកទល់ពេលនេះនៅមិនទាន់អាចបញ្ជាក់អំពីទូរលេខឈើដែលរកឃើញនៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ានៅឡើយទេ។ មូលហេតុដែលមានការយឺតយាវនេះ ក៏ព្រោះតែក្រុមសមត្ថកិច្ច ត្រូវការពិត្យនិងវាស់វែងឲ្យបានជាក់លាក់ និងល្អិតល្អន់បំផុត។ ម៉្យាងវិញទៀត ក៏ត្រូវការផ្ទៀងផ្ទាត់ឲ្យបានច្បាស់ថា តើឈើប្រភេទណាខ្លះ ហើយមានខ្នាតអ្វីខ្លះ ដែលត្រឹមត្រូវតាមច្បាប់។ លោកបន្តថា តាមការសន្និដ្ឋានជំហ៊ានដំបូង ឈើដែលបានស្តុកទុក នៅទីតាំងខាងលើនេះ អាចមានប្រហែល ជាង៥០០ម៉ែត្រគូប។

សូមបញ្ជាក់ថា កាលពីល្ងាថ្ងៃទី២ខែកក្កដា ក្រុមសមត្ថកិច្ចចម្រុះ បានឆែករកឃើញឈើយ៉ាងច្រើន នៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា ប៉ុន្តែទោះយ៉ាងណា គេមិនទាន់បញ្ជាក់ថា ឈើទាំងនោះ ជារបស់អស់លោករូបណានៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង