ដាក់ផែនការយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម
ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំស្តីពី យុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាព-ស្ថាប័នជំនាញពាក់ព័ន្ធ និងគណៈអភិបាលខេត្តតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម សរុបប្រមាណ ១៦៦រូបនៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ៖ ដាក់ចេញទិសដៅ និងវិធានការជាក់ស្ដែង សំដៅដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេសសកម្មភាព នៃការដឹកជញ្ជូនគ្រឿងញៀន ទៅវិញទៅមក ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ លើកកម្ពស់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែនឲ្យកាន់តែប្រសើរឡើង ដោយរួមសហការជាមួយភាគីវៀតណាម បញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានា បណ្ដាលមកពីគ្រឿងញៀន។
មួយវិញទៀតចំពោះសំណូមពរ ៖ ១.កងកម្លាំងអនុវត្តន៍ច្បាប់ ក៏ដូចជាអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន និងច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមភាគីវៀតណាម ឲ្យបានកាន់តែជិតស្និទ្ធ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើសកម្មភាពព្រមៗគ្នា ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យសម្រេចបានលទ្ធផលល្អ។ ២.បង្កើនយុទ្ធនាការឃោសនាប្រមូលផ្ដុំកម្លាំងគាំទ្រពីមហាជន និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ឲ្យចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែសកម្ម និងសស្រាក់សស្រាំ។
ក្រោយពីការអានផែនការស្តីពីយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ដោយ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិរួចមក លោក នាយឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ជំរុញដាស់តឿនការអនុវត្តខ្លឹមសារផែនការ ដែលបានដាក់ចេញកន្លងមកនេះ ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានធ្វើបច្ចុប្បន្នភាព នៃស្ថានការណ៍គ្រឿងញៀន តាមបណ្តោយព្រំដែននៃប្រទេសទាំង២, ចំណុចជាសារបានដែលនាំឲ្យមានកិច្ចប្រជុំនៅថ្ងៃនេះ, វិធានការទប់ស្កាត់និងបង្ក្រាប ដែលក្នុងនោះរួមមានចំណុចបញ្ជាក់នៃគោលបំណង, ការពង្រឹងការអនុវត្តច្បាប់, ផែនការអនុវត្តជាក់ស្តែង និង ការផ្សព្វផ្សាយអប់រំ ដែលជាចំណុចសំខាន់ក្នុងការបញ្ជ្រាបដល់ស្រទាប់មូលដ្ឋាននិងមន្ត្រីអនុវត្តន៍ច្បាប់។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន បានរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវអនុវត្តន៍ឲ្យបាននូវខ្លឹមសារ៣ចំណុចដាក់ចេញដោយសម្តេចក្រឡាហោម ស ខេង ។ ចំណុចទាំង៣ គឺទី១ គឺការលុបបំបាត់គ្រឿងញៀនឲ្យអស់នៅតាមក្លឹបកម្សាន្ត និងតាមរង្គសាលនានាក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩, ទី២ ត្រូវធ្វើយុទ្ធនាការបង្ក្រាបកន្លែងទីតាំងលួចផ្សំ កន្លែងកែច្នៃគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា និងចំណុចទី៣ គឺការបង្ក្រាបការនាំចូលគ្រឿងញៀនពីគ្រប់ច្រកពីខាងក្រៅ ដែលនាំចូលមកក្នុងប្រទេសកម្ពុជា៕