តុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនប្រធានក្រុមហ៊ុនអចលនទ្រព្យ អ៊ីណារីតា ដាក់ពន្ធនាគារ
សៀមរាប ៖ ឧកញ៉ា ឌឹម សួនណាត ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក ដែលជាមេខ្លោងដ៏ធំម្នាក់ នៃអំពើឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី និងដីពុះឡូត៍ស្ទើរតែគ្រប់ខេត្ត ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយសរុបជាទឹកប្រាក់ខ្ទង់រយលានដុល្លារ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
បើតាមដីការបស់ចៅក្រមស៊ើបសួរ លោក ជូ លឹមហ៊ាង បានសម្រេចចោទប្រកាន់ ឧកញ៉ា ឌឹម សួនណាត ពីបទ ឆបោក (ដោយមានស្ថានទម្ងន់ទោស) និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តទៅក្រុងសៀមរាប ខេត្តសៀមរាប និងតាមបណ្ដារាជធានី-ខេត្ត មួយចំនួនទៀត។
សូមជម្រាបថា ជនឆបោកដ៏ធំមួយនេះឈ្មោះ ឌឹម សួនណាត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១៧ខែកក្កដា ដោយមានបញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ដែលបានអស់លុយរាប់សិបម៉ឺនដុល្លារ៕