ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាថា៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកទស្សនកិច្ចនៅកម្ពុជានាដើមខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត

59

ភ្នំពេញ៖ លោក ​អែលឌីន ហូសៃនីបីន ម៉ូដហាសស៊ីម ​ ឯកអគ្គ​រាជ​​ទូតម៉ាឡេស៊ីថ្មី ប្រ​ចាំនៅកម្ពុជា បានបញ្ជាក់ថា៖ លោក ម៉ាហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹងមកធ្វើ​ទស្សន​កិច្ច​ជាផ្លូវរដ្ឋ​នៅ​​កម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខ នេះ ។ ក្នុងគោលបំណង ដើម្បីបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និង​​រាជ​​រដ្ឋាភិបាល នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ​ថែម​ទៀត ពិសេសលើ​កិច្ច​​ការ​ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៏ និងទេសចរណ៏ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៉ីប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈ លោក ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជា​មួយ​ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ៏៦កើតខែស្រាពណ៏ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ។
ឯកឯកអគ្គរាជទូតថ្មី បានបញ្ជាក់ថា៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមកបំពេញទស្សនកិច្ចជា ការទូតនៅ​កម្ពុជា បន្ទាប់ពី​បាន​ថ្វាយសារ តាំងចំពោះព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩រួចកន្លងមក ។
ឯកអគ្គរាជទូត ម៉ាឡេស៊ី ក៏បានថ្លែងអំណរ គុគុណចំពោះលោកស្រី ឧប​នាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលបានអនុញ្ញាតិឲ្យចូលជួបសម្ដែង ការគួរសម និង​​​សុំការណែនាំ ដើម្បីបន្ដពង្រឹង
ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និង​​រាជ​​រដ្ឋាភិបាលប្រទេសទាំងពីរឲ្យកាន់តែប្រសើរ​ថែម​ទៀត ពិសេសលើ​កិច្ច​​ការ​ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច នៅកម្ពុជា​ ។ លោកថា កន្លង​មក​ម៉ា​ឡេស៊ី ជា​ប្រ​​​ទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ដែលគិត​មក​ដល់​​បច្ចុប្បន្ន មាន​អ្នក​​​​វិនិ​យោគ​ទុនម៉ាឡេស៊ីប្រមាណជាង៤០០​​ក្រុម​ហ៊ុន ​កំ​ពុង​​រក​ស៊ី​នៅ​កម្ពុជា​។
ទន្ទឹមនឹងនេះ លោក អគ្គរាជទូត ក៏បានចាប់អារម្មចំពោះការ​រីក​ចំ​រើន​របស់កម្ពុជា ទាំងស្ថិរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស​ចរណ៍ ពិ​សេស​​​វិស័យសំណង់ ដែលកំពុងបំរើឲ្យ​ផលប្រយោជន៍​របស់ប្រ​ជា​ជន និងជំ​នឿ​​ទុក​ចិត្ត​ដល់អ្នកវិនិយោគបរទេសផងដែរ ។
ជាការឆ្លើយតប លោក កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាម​ប្រមុខដឹកនាំរាជ​រដ្ឋាភិបាលកម្ពុជា​បានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ី ជា​មិត្តល្អ តាំងពីអតីកាល និងបច្ចុប្បន្ន មានន័យថា ចាប់តាំងពីកម្ពុជាមានការ លំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែកក្នុងការចូលរួមស្វែងរក​សន្តិ​ភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជា​កំពុង​មាន​ការរីក​ចំរើនគួរឲ្យកត់សំគាល់ក្តី តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំក្នុង​ជំរុញ​លើកកំពស់​កិច្ច​សហការ និងការពារដៃគូរវិនិយោគទុនទាំងអស់ តាមរយៈ​នៃការ​ប្រឆាំ​ង​អំ​​ពើ​​ពុករលួយ​ដោយ​​ឈរលើស្មារតីអនុវត្ត​អភិក្រមទាំង៥ ឲ្យកាន់​តែមានប្រ​សិទ្ធិ​​​ភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
តាមរយៈ ឯកអគ្គរាជទូតថ្មី ម៉ាឡេស៊ីនាពេលនេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ​ចំណង​មិត្តភាព សាម​គ្គី​ភាព​ និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់​តែ​ប្រ​សើរ និង​រីក​ចំ​រើន​រឹងមាំថែមទៀត​ ក្នុងនោះកម្ពុជាបានត្រៀមរួចជាស្រេច ដើម្បី​ទទួល​ស្វា​គមន៍​ចំពោះវត្តមាន របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលនឹងមក​ដល់​កម្ពុជា​នា​ពេល​ខាង​មុខដ៏ខ្លី ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង