ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ស្វែងរកកិច្ចសហការលើការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ

43

 

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ានបានចាប់ផ្តើមដំណើរបេសកកម្មធុរកិច្ចរបស់ខ្លួន ដើម្បីស្វែងរកកិច្ចសហការលើការអនុវត្តប្រកបដោយនិរន្តរភាព និងលើកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហភាពអឺរ៉ុប។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ តំណាងក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តប្រកបដោយនិរន្តរភាព ក្នុងការទាក់ទាញការវិនិយោគ និងការនាំចូលទៅទីផ្សារសហភាពអឺរ៉ុប។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍបៃតង និងបានស្នើឱ្យក្រុមហ៊ុនសហគ្រាសក្នុងវិស័យឧស្សាហកម្មចូលរួមសហការក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមបានជម្រាបជូនថា រាជរដ្ឋាភិបាលក៏ផ្តល់អាទិភាពសំខាន់ដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យសក្តានុពលសម្រាប់កិច្ចសហការផងដែរ។ សមាជិកក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលធ្វើប្រតិបត្តិការក្នុងឧស្សាហកម្មឱសថ ដូចជាក្រុមហ៊ុន Zuellig Pharma និង Roche បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការប្រើប្រាស់ដំណោះស្រាយដែលផ្អែកលើបច្ចេកវិទ្យា ដូចជាការពិនិត្យព្យាបាលជំងឺពីចម្ងាយ (telemedicine) ការប្រើប្រាស់ QR កូដដើម្បីតាមដានភាពត្រឹមត្រូវនៃឱសថ និងកម្មវិធីថែទាំសុខភាពតាមទូរស័ព្ទដៃជាដើម។

ភាគីទាំងពីរក៏បានពិភាក្សាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញ ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតស្តង់ដារជាតិជាដើម៕

អត្ថបទដែលជាប់ទាក់ទង