ភ្នំពេញ៖ ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង និងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយឲ្យពួកគាត់បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ពលការិនី ផាត ហាន ដែលជាពលការិនីខ្មែរម្នាក់ក្នុងចំណោមពលករទាំង ២៤នាក់ ដែលនឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងការដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកមម្ពុជា ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនពួកគាត់បានទាន់ពេលវេលា ក៏ដូចជា បានសម្របសម្រួលកន្លែងស្នាក់នៅ និងការហូបចុកជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែលពួកគាត់រង់ចាំការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ពលការិនី ផាត ហាន ៖ “ខ្ញុំសប្បាយចិត្តណាស់ បើគ្មានលោកពូទូត និងបងៗនោះទេ ពួកខ្ញុំមិនដឹងថាយ៉ាងណា យ៉ាងណីទេ ខ្ញុំអរគុណខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់ និងជួយពួកខ្ញុំរហូតមក”។
ជាក់ស្ដែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប បានធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានអន្តរាគមន៍ និងសម្របសម្រួលពលការិនីចំនួន ២៤នាក់បន្ថែមទៀត នឹងវិលត្រឡប់មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលទទួលបានព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ៕