ប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាថ្មី មិនឱ្យកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទមានងារជា ឧកញ៉ា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាថ្មីមួយទៀត មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គឺទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា ឧកញ៉ា ទៀតឡើយ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់កាសែតក្នុងស្រុក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅទៀត។
លោក ឈឹម ផលវរុណ បានឱ្យដឹងថា នេះជាការបញ្ជាក់អំពីភាពម៉ឺងម៉ាត់ គឺសម្តេច បានបញ្ជាពីកន្លែងប្រជុំព្រឹកមិញនេះតែម្តង គឺលែងឱ្យមានភាព ជាន់គ្នារវាង ងារ «ឧកញ៉ា» និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងក្របខ័ណ្ឌប្រដាប់អាវុធ មានដូចជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថទៀតទេ គឺសាម៉ីខ្លួនត្រូវសម្រេចជ្រើសរើស យកមួយ អត់មួយ»៕