ព្រះចៅអធិការវត្តប្រាសាទប្រគល់ទ័យទាន ចូលសាខាកាកបាទក្រហមរាជធានីគិតជាទឹកប្រាក់ប្រមាណជាង៣៨លានរៀល
ភ្នំពេញ៖ទ័យទានមួយចំនួនធំដែលមានទឹកប្រាក់ប្រមាណ៣៨លានរៀលត្រូវបានព្រះឧត្តមធម្មសោមស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីរកយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ៨រោចខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩នេះនៅក្នុងបរិវេណវត្តប្រាសាទភូមិធំជើងសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅក្រោមវត្តមានលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងលោកស្រី។
អំណោយដែលត្រូវប្រគល់ជូននេះរួមមាន៖១អង្ករ៤តោនចំនួន៨០បាវស្មើ៧,២០០,០០០រៀល។២ទឹកសុទ្ធ១០០កេសស្មើ១,៣៦០,000 រៀល។៣ទឹកក្រូច៩០កេសស្មើ៣,០៦០,000 រៀល។៤ទឹកត្រី៧៥យួរស្មើ៧១២,៥០០រៀល។៥ទឹកស៊ីអីវ៨០យួរស្មើ៧៦០,000 រៀល។៦ទឹកដោះគោ២៤០កំប៉ុងស្មើ៦០០,000 រៀល។៧ត្រីខ៥៣០កំប៉ុងស្មើ១,៣២៥,000 រៀល។៨មី១៦០កេសស្មើ២,៥៦០,000 រៀល។៩ប្រេងឆា៧ធុងស្មើ៤២០,000 រៀល។១០ស្ករស១៥០គីឡូក្រាមស្មើ៣០០,000 រៀល។១១សម្ភារៈប្រើប្រាស់ផ្ទះបាយ៧ប្រដាប់៧ប្រដាប់ស្មើ៧ឈុតស្មើ១,៩៦០,000 រៀល។១២បច្ច័យ១៨,០០០,០០០រៀល។សរុបជាទឹកប្រាក់ចំនួន៣៨,២៥៧,៥០០រៀល។
លោកឃួងស្រេងក្នុងក្នុងឱកាសនោះបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះឧត្តមធម្មសោមស៊ីមដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ លោកនឹងយកទេយ្យទានទាំងនេះទៅធ្វើសកម្មភាពឱ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជាតមតាមការណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រចាស់ជរានិងក្រុមគ្រួសារមានផ្ទុករោគអេដស៏ជាដើម។
ព្រះឧត្តមធម្មសោមស៊ីម ក្នុងឱកាសនោះបានមានសង្ឃដីកាថ្លែងនូវអំណរអរគុណចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយជានិច្ចជាកាលសម្ដេចតែងតែជួយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។ក្នុងនោះដែរព្រះឧត្តមធម្មសោមស៊ីមក៏បានថ្លែងការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេសលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ដោយបានកសាងផ្លូវចូលវត្តមួយខ្សែដើម្បីសម្រួលពុទ្ធបរិស័ទនិងព្រះសង្ឃបាននិមន្តនិងធ្វើដំណើរបានស្រួល៕