ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកសំណល់ប្លាស្ទិចខុសច្បាប់នៅសល់ចំនួន៦៩ កុងតឺន័រក្រុមហ៊ុនស្នើសុំការពន្យារពេល ខណៈ១៤ កុងតឺន័របានបញ្ជូនចេញពីកម្ពុជា

60

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អះអាងថា គិតមកដល់ថ្ងៃទី ២៣ខែសីហានេះ កាកសំណល់ប្លាស្ទិចចំនួន ១៤ កុងតឺន័រ បានបញ្ជូនចេញពីកម្ពុជា និងបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ប់ចំនួន ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្ថែមថា នៅសល់ចំនួន៦៩ កុងតឺន័រទៀត ដែលក្រុមហ៊ុនស្នើសុំការពន្យារពេល ដឹកជញ្ជូនចេញ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យបានដឹងថា ការដឹកជញ្ជូនកាកសំណល់ប្លាស្ទីកចំនួន៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកាន់កម្ពុជាដោយក្រុមហ៊ុនCHUNGYUEN PLASTIC MANUFACTURE CO., LTD ។

គិតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ សាមី ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃ កប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ចូនកាកសំណល់ប្លាស្ទិចចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រ កាលពីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះផងដែរ ។

កាកសំណល់ប្លាស្ទិចដែលនៅសល់ចំនួន ៦៩ កុងតឺន័រនេះ ដោយហេតុថាក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួន រួមមាន អាកាសធាតុមិនអំណោយផលធ្វើឱ្យខកខានជើងកប៉ាល់ និងទំនិញកកស្ទះជាច្រើនដែលទទួលកក់ពីអតិថិជន ផ្សេងៗទៀតដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានស្នើសុំពន្យារពេលនៃការដឹកជញ្ជូនកាកសំណល់ប្លាស្ដីកដែលនៅសល់ចំនួន ៦៩ កុងតឺន័រ ទៀតតាមតារាង ពេលវេលាដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជួនគិតចាប់ពីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ ។

លទ្ធផលនៃការស្រាវជ្រាវករណីនាំចូលកាកសំណល់ប្លាស្ទីក និងវិធានការដាក់បន្ទុកចំពោះក្រុមហ៊ុនដែលប្រព្រឹត្តបទល្មើស ៖
– កាកសំណល់ប្លាស្ទីកចំនួន ៨៣ កុងតេន័រ ទម្ងន់ ១៥៩២ តោន ត្រូវបាននាំមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយមានក្រុមហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯ.ក “CHUNGYUEN PLASTIC MANUFACTURE CO., LTD” ជាអ្នកទទួលទំនិញ ។ ក្រុមហ៊ុននេះមានប្រធានជាជនជាតិខ្មែរ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ MOC-450671 ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

– ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨ និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា ។ តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់ ១៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតេន័រចំនួន ១៣​ (មានទម្ងន់ ២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា ។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី (២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម (៣ ជើង)​ ។

– តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ផ្សេងឡើយ ។

​យោងតាមលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា (ច្បាប់ស្ដីពីគយ, ច្បាប់ស្ដីពីកិច្ច
ការពារបរិស្ថាន និងការគ្រប់គ្រងធម្មជាតិ, អនុក្រឹត្យលេខ ៣៦ អនក្រ.បក ស្ដីពីការគ្រប់គ្រងសំណល់
រឹង និងអនុក្រឹត្យលេខ ២០៩ អនក្រ.បក ស្ដីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញ
ជាប់កម្រិតកំណត់) និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កាកសំណល់ប្លាស្ទីក គឺជាទំនិញហាមឃាត់នាំចូលមកព្រះរាជាណាចក្រកម្ពុជា ។ ករណីក្រុមហ៊ុន ជុងយៀន ប្លាស្ទីក បន្លំនាំចូលកាកសំណល់ប្លាស្ទីកមកកម្ពុជា គឺជាបទល្មើសផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តខាងលើ ។ យោងតាមបញ្ញត្តិស្ដីពីទោសទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាននិងស្របតាមអនុសញ្ញាបាសែលស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់កាកសំណល់គ្រោះថ្នាក់ឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់វិធានការដាក់បន្ទុកចំពោះក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTDដូចខាងក្រោម ៖

​១. ត្រូវនាំចេញទំនិញកាកសំណល់ប្លាស្ទីកទាំង ៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ

​២.ត្រូវរងពិន័យរដ្ឋបាលជាប្រាក់ ១,០៣៧,៥០០,០០០.០០ (មួយពាន់សាមសិបប្រាំពីរ
លានហាសិបម៉ឺន)​ រៀល ដែលត្រូវបង់ចូលជាប្រយោជន៍ថវិកាជាតិ

​៣.ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD ត្រូវអនុវត្តចំណុចទី ១
​និងចំណុចទី២ ខាងលើឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត ។

​ក្នុងករណីក្រុមហ៊ុនខកខានមិនបានអនុវត្តនូវចំណុចទាំង ៣ ខាងលើ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង