លោកគន់ គីម និងលោកឃួង ស្រេង ចុះពិនិត្យមើលកន្លែងរោងចក្រធ្វើពូក ដែលឆេះខ្ទេចគ្មានសល់
ភ្នំពេញ៖ ករណីភ្លើងឆេះរោងចក្រផលិតពូក ដែលបានខូចខាតទាំងស្រុង និងធ្វើឲ្យអគារទាំងមូលប្រេះស្រាំប្រឈម នឹងការបាក់ស្រុត។ ករណីនេះភ្លើងបានឆេះតាំងពីរសៀលថ្ងៃទី 23 រហូតមកដល់ព្រឹកថ្ងៃទី 24 ខែសីហានេះ មិនទាន់រលត់ទាំងស្រុងឡើយ ទោះបីជាក្រុមនគរបាលពន្លត់អគ្គីភ័យ បានខ្នះខ្នែងប្រឹងប្រែងពន្លត់យ៉ាងណាក៏ដោយ ដែលប្រើប្រាស់ឡានទឹករាប់រយគ្រឿង ។
នៅព្រឹកថ្ងៃទី 24 នេះដែរ លោកទេសរដ្ឋមន្ត្រីគន់ គីម បេសកជនពិសេស និងជាអនុប្រធានទី 1 នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យមើលទីតាំងកន្លែងដែលឆេះនេះ។
លោកអភិបាល បានសូមថ្លែងអំណរគុណដល់កម្លាំងសរុប កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត កងពលតូច ង៧០ បានចូលរួមទាំងកម្លាំង ទាំងស្មារតី និងសម្ភារ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ៕