មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តកៀរសម្រួលផ្លូវក្រាលក្រួសក្រហម១ខ្សែ ប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប ដល់ព្រំដែនឡាវ
លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤សីហា២០១៩នេះថា នៅថ្ងៃទី ២៣សីហា ២០១៩ ម្សិលមិញនេះ ក្រុមការងារថែរទាំផ្លូវជាតិលេខ៩៤នៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកៀរសម្រួលផ្លូវក្រាលក្រួសក្រហម ប្រវែងសរុប៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១(ព្រំដែនឡាវ) ស្រុកឆែប នៃខេត្តព្រះវិហារ ទោះបីរំខានដោយភ្លៀងយ៉ាងណាក៏ដោយ។
លោកសំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះលទ្ធផលក្នុងថ្ងៃម្សិលមិញនោះ គឺ ក្រុមការងារបានជួសជុលកន្លែងដែលរងការខូចខាតខ្លាំងដោយទឹកភ្លៀងបានប្រវែង៥០ម៉ែត្រដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន ស្ថិតនៅចំនុច អូរដា ឃុំឆែបពីរ ស្រុកឆែប។ រីឯលទ្ធផលសរុបសម្រេចបានប្រវែង ៣១គីឡូម៉ែត្រ ។