ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ គួច ចំរើន ចុះពិនិត្យមើលការជួសជុល ផ្លូវដោយលុបសំបុកមាន់ផ្លូវ៤០០ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

66

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក​ គួច ចំរើន  អមដំណើរដោយលោក អ៊ី សុខឡេង អភិបាលក្រុង និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩  បានចុះពិនិត្យមើលការជួសជុលផ្លូវ ដើម្បីលុបសំបុកមាន់ផ្លូវ៤០០ ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលចរាចរណ៍នារដូវវស្សា ដែលមានភ្លៀងធ្លាក់ជាប់ជាច្រាំ។

លោក​អភិបាលខេត្ត បានបញ្ជាក់ថា តាមគម្រោង​ផ្លូវនៅក្រុងព្រះសីហនុ ត្រូវធ្វើជាប្រភេទបេតុងសរសៃដែកទាំងអស់ និងមានកម្រាស់យ៉ាងតិច២តឹក ហើយប្រកបដោយគុណភាពដើម្បីធានាកាដឹកជញ្ជូនគ្រប់ប្រភេទ។

លោកបានរំឭកថា អ្នកសាងសង់ត្រូវគិតពីគុណភាពជាចំបង មិនមែនធ្វើអោយតែបានវែង តែបន្តិចក្រោយមកខូចអស់វិញនោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវនៅទូទាំងក្រុងព្រះសីហនុ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់ផ្លូវ។ មូលហេតុដែលនាំអោយផ្លូវទាំងអស់នេះរងការខូចខាតដូច្នេះ ត្រូវបានគេមើលឃើញថា អាចបណ្ដាលមកពី ៖ ១.ការដឹកជញ្ជូនធ្ងន់ៗក្នុងការសាងសង់សំណង់ផ្សេងៗ។ ២.ផ្លូវចាស់ដល់អាយុត្រូវខូចផង។ ៣.ការវាយប្រហារនៃជំនន់ទឹកភ្លៀងជាដើម។ចំពោះមុខ ក្នុងស្ថានភាពនេះ ការជួសជុលកែលម្អបឋមកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ កំពុងរៀបចំស្ដារឲ្យមានភាពល្អប្រសើរឡើងវិញ។ ក្នុងនោះគម្រោងជួសជុលផ្លូវចំនួន២២ខ្សែនៅក្នុងក្រុងព្រះសីហនុ ឲ្យប្រសើរឡើងវិញនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក គួច ចំតើនក៏សូមអរគុណចំពោះសប្បុរសជន ដែលជួយជាគ្រួស មន្ត្រីពាក់ព័ន្ធ ក្រុមកម្មករ ជាពិសេសប្រជាពលរដ្ឋ ដែលយោគយល់អាព្យាស្រ័យខ្ពស់ចំពោះកិច្ចការងារនេះ ។លោក​សង្ឃឹម និងជឿជាក់ថា នឹងនៅតែមានសប្បុរសជនចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពនេះបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង