ជនជាតិចិន បាញ់សម្លាប់គ្នា , ឃាតករត្រូវចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន
ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនជាតិចិនម្នាក់ ស្នាក់នៅក្នុងបន្ទប់ នៃរីសតពេលវេលាល្អ ឬហៅជាភាសាអង់គ្លេសថា (Good Time) ដែលមានទីតាំងនៅឆ្នេរអូរត្រេះក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវខ្មាន់កាំភ្លើងជនជាតិចិនដូចគ្នា បាញ់សម្លាប់ក្នុងបន្ទប់បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចអាវុធហត្ថ និងនគរបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យ ដល់ទីតាំងកើតហេតុ និងបានស្រាវជ្រាវមុខសញ្ញាជនសង្ស័យ ដែលផ្តល់ដោយកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុខាងលើនេះ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យរួច សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ ដែលជាប់សង្ស័យ ក្នុងអំពើឃាតកម្មនេះ ហើយបច្ចុប្បន្នត្រូវបាននាំខ្លួន និងកំពុងសួរនាំ ដោយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាល មិនទាន់បង្ហាញពីមូលហេតុ នាំឲ្យកើតមានអំពើឃាតកម្មខាងលើនេះទេ ព្រោះមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យដឹងការពិតនៅឡើយ។
យោងតាមរបាយការណ៍បឋម របស់ អាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា
នៅវេលាម៉ោង ១៣ និង២០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ហ្គូតថាម រីសត បន្ទប់លេខA-121 ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីឃាតកម្មមួយករណីបានកើតឡើង ប៉ុន្តែជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយគ្រាន់តែដឹងថា ភេទប្រុស ជនជាតិចិន ត្រូវបានជនសង្ស័យប្រើអាវុធខ្លីបាញ់ចំក្បាល បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ហើយ ជនសង្ស័យមានគ្នាចំនួន២នាក់បានជិះម៉ូតូគេចខ្លួនបាត់ ក្រោយបាញ់សម្លាប់ជនរងគ្រោះភ្លាម៕ ដោយ៖ ដែន សីមា