ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការនៃរដ្ឋសភាកម្ពុជា គឺជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម

49


ភ្នំពេញ ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា កម្ពុជា ឡាវ វៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព”។ កិច្ចប្រជុំនេះនឹងត្រូវរៀបចំធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

រហូតមកដល់រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈប្រតិភូគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលធ្វើដំណើរមកតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងគណៈប្រតិភូគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលធ្វើដំណើរតាមច្រកព្រំដែនអន្តរជាតិបាវិត បានអញ្ជើញមកដល់រាជធានីភ្នំពេញរួចរាល់អស់ហើយ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃបន្ទាប់។

ពិធីបើកកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំង៣ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ងួន ញ៉ិល​ ប្រធានរដ្ឋសភាស្តីទី។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំជាផ្លូវការរួច កិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម នឹងបន្តដំណើរការដោយមានកិច្ចប្រជុំសំខាន់ៗចំនួន៣ ក្នុងនោះមាន៖​ កិច្ចប្រជុំទី១ គឺការធ្វើបទបង្ហាញដោយសង្ខេបពីលទ្ធផលការងារ និងទិសដៅបន្តក្នុងការរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំង៣ដោយតំណាងក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំរបស់បណ្ដាខេត្តនៃប្រទេសទាំង៣ ដែលស្ថិតក្នុងតំបន់ត្រីកោណ។​ កិច្ចប្រជុំទី២ គឺរបាយការណ៍ពីវឌ្ឍនភាពនិងតួនាទីភារកិច្ចរបស់គណៈកម្មការ/គណៈក្មាធិការក្នុងការពិនិត្យ តាមដាននិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព ដែលនឹងលើកឡើងដោយថ្នាក់ដឹកនាំគណៈកម្មការ/គណៈកម្មាធិការរដ្ឋសភានៃប្រទេសទាំង៣។​ ដោយឡែក កិច្ចប្រជុំទី៣ គឺការអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ ដោយប្រធានគណៈកម្មការ/គណៈកម្មាធិការរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង