ម៉ូតូAX1បើកវ៉ាជែងរថយន្ត បុកជាមួយរថយន្តកូរ៉េដឹកជី ស្លាប់២នាក់ រងរបួសធ្ងន់ម្នាក់
ខេត្តស្វាយរៀង៖មនុស្ស២បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចររវាងរថយន្តកូរ៉េដឹកជី និងម៉ូតូធំម៉ាកAX1ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូធំមួយគ្រឿងម៉ាកHonda AX1 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BC 8763 ជិះគ្នា៣នាក់ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បើកវ៉ារថយន្តកុងតឺន័រមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ជ្រុលទៅបុករថយន្តដឹកជីមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-3439 បើកបរបុរសម្នាក់ ដោយមិនស្គាល់អត្តសញ្ញាណ ដែលធ្វើដំណើរពីលិចទៅកើត បញ្ច្រាសទិសគ្នា បណ្តាលឲ្យមានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើត២នាក់ និងម្នាក់ទៀតរងបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។
អ្នកបើកបរម៉ូតូឈ្មោះ ស៊ុំ ប៊ី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព ចំណែកម៉ូតូគ្មានកញ្ចក់មើលក្រោយ បណ្តាលឲ្យរងបួសធ្ងន់ បញ្ជូនពេទ្យខេត្តស្វាយរៀង ។ អ្នករងគ្រោះស្លាប់ ឈ្មោះទេព ធាភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខធ្វើស្រែ មានទីលំនៅភូមិឃុំជាមួយគ្នា ពាក់មួកសុវត្ថិភាព និងឈ្មោះស៊ុំ សុប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នាំមុខរបរសិស្ស មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ពីមូលហេតុថា ករណីនេះ មកពីអ្នកបើកបរម៉ូតូ មិនប្រកាន់ស្តាំ។ រីឯវត្ថុតាងទាំង២គ្រឿង ខូចខាតធ្ងន់។ សមត្ថកិច្ចបានយកវត្ថុតាង មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ ដើម្បីបំពេញសំណុំរឿង តាមនីតិវិធីច្បាប់៕