អ្នកប្រកបអាជីវកម្មឡើងត្នោត ពិតជាលំបាក ខ្លាំងណាស់ ហើយប្រថុយនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសទទួលបានកម្រៃតិច
ភ្នំពេញ៖ អ្នកប្រកបអាជីវកម្ម ឡើងត្នោត ប្រថុយគ្រោះថ្នាក់ខ្លាំងណាស់ ។ ស្ករត្នោត ត្រូវបានគេចាត់ទុកជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ ដែលមាន ក្លិនឈ្ងុយ ឆ្ងាញ់ និងធ្វើឲ្យពណ៌របស់អាហារទាក់ទាញគួរឲ្យទទួលទាន ជាពិសេសអាចធ្វើជាឪសថសម្រាប់ព្យាបាលជំងឺ តាមបែបបុរាណផងដែរ។ ជាមួយគ្នានេះដែរស្ករត្នោតជាស្ករធម្មជាតិពិតៗ មិនមានសារធាតុគីមី ដែលធ្វើចេញពីទឹកត្នោតសុទ្ធ ដូច្នេះមនុស្សមួយចំនួននិយមប្រើប្រាស់ស្ករប្រភេទនេះ ជាជាងប្រើប្រាស់ស្ករស។
ភាគច្រើនប្រជាជននៅតាមជនបទតែងតែធ្វើស្ករត្នោត ជាមុខរបរចិញ្ចឹមជីវិត ទោះបីជាដឹងថាការងារប្រភេទនេះពុំសូវរកកម្រៃបានច្រើន ហើយប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ក៏ដោយ។ តែពួកគាត់គ្មានជម្រើសក្រៅពីប្រកបមុខរបបឡើងត្នោត នោះទេ។
ដោយឡែកការធ្វើស្ករត្នោតក៏មិនងាយស្រួល ដែរ ដោយអ្នកធ្វើត្រូវឡើងទៅយកទឹកត្នោត ពីផ្កាត្នោតដែលស្ថិតក្នុងកំពស់ខ្ពស់១២ទៅ១៥ ម៉ែត្រដោយត្រូវរៀបចំសម្ភារៈ និងវិធីតាមបែបបុរាណ ហើយយកមកដាក់ដាំ បន្ទាប់មកទើបកូរ រហូតដល់ទឹកត្នោតទាំងនោះក្លាយទៅជាស្ករដែលមានពណ៌ លឿងស្រអាប់ ហើយខាប់ ឬ គេសូនជាដុំៗ ឬហៅថាស្កថែន ៕