ហាមឃាត់ចំពោះជនបរទេសប្រកបមុខរបរ និងការងារ ១០ ប្រភេទ
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាស ស្តីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ចំពោះជនបរទេស។
យោងតាមប្រកាស លេខ ៣៦០/១៩ ក.ប/ប្រ.ក.គ.ប.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ស្តីពីការកំណត់ប្រភេទមុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស បានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងកំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ
ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បុគ្គលស្វ័យន៏យោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ។
ត្រូវហាមឃាត់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស នូវមុខរបរ និងការងារដូចខាងក្រោម៖ ១. អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្មមានជាអាទ័ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរនិងដឹកទំនិញ ២. អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ៣. អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ ៤. អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស ៥. អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង ៦. អ្នកកាត់ដេរ ៧. អ្នកប៉ះកង់ ជាងជួសជុលយានយន្ត ៨. អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ៩. អ្នកផលិតឧបករណ៍ភ្លេងខ្មែរ ជាត្រលោក ព្រះពុទ្ធរូប និង១០. ជាងទង ជាងច្នៃត្បូងពេជ្រ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមិនផ្តល់ ឬមិនបន្តសុពលភាពប័ណ្ណ/សៀវភៅការងារដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ក្នុងប្រការ២ នៃប្រកាសនេះ។
ជនណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិនៃប្រកាសនេះ ត្រូវធ្វើការពិន័យជាប្រាក់ និងផ្តន្ទាទោសតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕