ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ហាង ច័ន្ទ សាឡន​ ម្នាក់ យកកន្ត្រៃចាក់អតីតបុគ្គលិករបស់ខ្លួនម្នាក់របួសពេញខ្លួន ថែមទាំងប្តឹងទាមទារលុយ ទៀត

55

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាម្ចាស់ហាង ច័ន្ទ សាឡន​ បានប្រើហិង្សាយកកន្ត្រៃចាក់ទៅលើនារីម្នាក់ជាកម្មការិនីរោងចក្រ ដែលជាអតីតបុគ្គលិករបស់ខ្លួនបណ្តាលឲ្យរបួសបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង២០នាទី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ចាន់​ ថា មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្រ្តីរងគ្រោះ រងរបួសពោះ ទ្រូង បំពង់ និងក្បាលហូរឈាម។

ចំណែកជនបង្កឈ្មោះ ឡុញ ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាងអ៊ុតសក់ ម្ចាស់ហាង ច័ន្ទ សាឡន ស្នាក់នៅក្រោយផ្សារវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា កន្លងមករូបខ្លួនធ្លាប់ធ្វើការនៅកន្លែងកើតហេតុរួចក៍បានឈប់តាំងពីយូណាស់មកហើយ ហើយពេលកន្លងមកក៏ធ្លាប់ទាក់ទងគ្នាតាមទូរស័ព្វ តែមិនដែលចុះសម្រុងគ្នានោះទេ ដោយសារម្ចាស់ហាងហៅមកធ្វើការវិញតែនាងមិនព្រម។

ជនរងគ្រោះបានបន្តថា​ រហូតមកដល់ថ្ងៃកើតហេតុ រូបនាងបា​នដើរកាត់កន្លែងជនបង្ក ពេលនោះម្ចាស់ហាង បានហៅជនរងគ្រោះឲ្យចូលក្នុងរួចនិយាយគ្នាក៏ទាក់ពាក្យសម្តីគ្នា ទើបជនបង្កម្ចាស់ហាង បានទះកំភ្លៀង ជនរងគ្រោះ រួចយកកន្រ្តៃមកចាក់បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ក៏មានការតដៃគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាង។

ក្រោយពេលកើតហេតុ អ្នកភូមិបានផ្ដល់ព័ត៌មានជូននគរបាលប៉ុស្តិ៍ចោមចៅ១ ឲ្យចុះទៅអន្តរាគមន៍ ហើយកម្លាំងនគរបាល ក៏បានចុះទៅធ្វើការឃាត់ខ្លួនអ្នកទាំង២ ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ព្រោះមានរបួសស្នាមទាំងសងខាង។
តាមសាក្សីម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ ថៅកែហាងបានហៅឲ្យស្រ្តីរងគ្រោះ ចូលទៅក្នុងហាងរបស់ខ្លួន ពេលនោះនាងក៏បានចូលទៅ លុះបន្តិចក្រោយមកស្រាប់តែឃើញ ម្ចាស់ហាងច្រានជនរងគ្រោះ ចេញក្រៅហើយទះ១កំផ្លៀង ព្រមទាំងយកកន្រ្តៃយ៍ចាក់ទៅលើជនរងគ្រោះចំពោះ ក្បាល បំពង់ក។ បន្ទាប់មកចាក់សំដៅទ្រូងទៀត ប៉ុន្តែត្រូវបានជនរងគ្រោះធាក់១ជើង ទើបចាក់អត់ត្រូវ រួចហើយជនរងគ្រោះរត់ចេញ និងស្រែកឲ្យអ្នកជិតខាងជួយ។
ពេលមានការសួរនាំ, ស្រ្តីរងគ្រោះបាននិយាយថា ពេលនេះនាងបានទៅធ្វើការនៅកន្លែងផ្សេងហើយ មិនបានធ្វើការនៅក្នុងហាងអ៊ុតសក់ ច័ន្ទ សាឡន នោះទៀតឡើយ ព្រោះតែម្ចាស់ហាងខាងលើ ចោទប្រកាន់ថា នាងលួចសម្ភារក្នុងហាង។ មិនតែប៉ុណ្ណោះថែមទាំងដើរនិយាយហែកកេរ្តិ៍នាងថែមទៀត ដែលការចោទប្រកាន់ និងទង្វើបំពានបែបនេះ នាងមិនអាចទទួលយកបានទេ ព្រោះនាងមិនដែលបានប្រព្រឹត្តនោះឡើយ។
រីឯស្ត្រីថៅកែហាងអ៊ុតសក់ បាននិយាថា ខ្លួនបានបណ្ដេញនាងរងគ្រោះចេញពីការងារក្នុងពេលកន្លងមក ព្រោះស្ត្រីនេះមានចិត្តមិនស្មោះត្រង់ និងតែងតែនិយាយដើមខ្លួនថា ខ្លួនជាមនុស្សខ្លាច មិនបានការ និងជាមនុស្សភ្លើមិនដឹងអី ព្រមទំាងបានឆាតចូលទូរស័ព្ទរបស់នាង និងទូរស័ព្ទក្មួយស្រី ហើយដៀលសព្វបែបយ៉ាងថែមទៀតផងទើបទ្រាំមិនបាន។
មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ស្រ្តីម្ចាស់ហាងបានបង្កអំពើហិង្សាទៅនារីរងគ្រោះហើយ ថែមទាំងប្តឹងទាមទារលុយ ១៥០០០ដុល្លារថែមទៀតផង។ តែយ៉ាងណាក៏ដោយ សម្រាប់ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការសួរនាំ ដើម្បីចាត់វិធានការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង