ពលរដ្ឋខ្មែរ៨៥នាក់ ត្រូវបានអាជ្ញាធរថៃដោះលែង ក្រោយមានកិច្ចអន្តរាគមន៍ពីកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសតាមផេកហ្វេសប៊ុកផ្លូវការថា អាជ្ញាធរប្រទេសថៃ បានសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន៨៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ពីបទឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។
ការដោះលែងនេះ ធ្វើឡើង ក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់ របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។ អាជ្ញារថៃបានបញ្ជាក់ថា ថ្មីៗនេះ ប្រទេសថៃបានចេញច្បាប់ថ្មី ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលត្រូវឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងដើម្បីតាមចាប់មេខ្យល់ ទើបបណ្តាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងរយៈពេលយូរបែបនេះ។ មន្រ្តីស្ថានទូត តែងតែជួបសួរសុខទុក្ខជាប្រចាំ ជាមួយពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងអំឡុងពេលជាប់ឃុំខ្លួននោះ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង៨៥នាក់ បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួល របស់ស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជាមួយនឹងអាជ្ញាធរថៃ៕