មន្ទីរសាធារណការរាជធានី បានធ្វើការជីកស្ដារ ប្រឡាយបឹងត្របែកសម្រេចបានចំនួន១២០១ឡានស្មើនិង៦០០៥ម៉ែត្រគុបហើយ
ភ្នំពេញ៖ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្ដារប្រឡាយបឹងត្របែកដោយគិតមកដល់ពេលនេះក្រុមការងារបានជីកស្តារភក់បានចំនួន១២០១ឡានស្មើនិង៦០០៥ម៉ែត្រគុបដើម្បីធ្វើយ៉ាងណាអោយទឹកអាចហូរបានទៅដល់ស្ថានីយបូមទឹកបឹងត្របែករំដោះការលិចលង់ជូនប្រជាពលរដ្ឋ។
លោកដួងចាន់សារ៉ាតប្រធានអង្គភាពលូទឹកនិងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី៣០សីហានេះថាអនុវត្តតាមការណែនាំពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពជីកស្តារភក់នៅប្រឡាយបឹងត្របែកចាប់ផ្ដើមស្តារចាប់ពីថ្ងៃទី០២ខែកក្កដា ហើយបើគិតមកដល់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩នេះយើងអនុវត្តការងារជីកស្តារភក់បានចំនួន១២០១ឡានស្មើនិង៦០០៥ម៉ែត្រគូបបើគិតជាចំងាយយើងជីកស្តារបានប្រវែង៣០០ម៉ែត្រគិតជាភាគរយស្មើនិង៣០% ។
លោកបានបញ្ជាក់ផងដែរថាប្រឡាយបឹងត្របែកគិតចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីយ៏បូមទឹមានប្រវែង៩៤៧ម៉ែត្រមានទទឹងចាប់ពី១៤ម៉ែត្រទៅ៣០ម៉ែត្រ។
គួរបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០១៩កន្លងមកនេះលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែកនិងផលប៉ះពាល់មួយចំនួនដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែកនោះលោកឃួងស្រេងបានបញ្ជាក់ឲ្យដឹងថានៅប្រឡាយបឹងត្របែកយើងមានម៉ូទ័របូមទឹករហូតដល់១១គ្រឿងប៉ុន្តែការបូមទឹកទាំងនោះមិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេដោយសារតែមានការកកស្ទះទឹកហូរមិនទាន់។ដើម្បីដោះស្រាយលើបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចធ្វើការស្តារប្រឡាយនិងអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយរំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះអោយបានប្រសើរឡើង។ពាក់ព័ន្ធនឹងការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះអាជ្ញាធររាជធានីភ្នំពេញបានដាក់ផែនការឱ្យខណ្ឌទាំង៥នៅកណ្ដាលក្រុងធ្វើការស្ដារលូស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរមកដល់ស្ថានីយបូមទឹកបា កាលពីពេលនោះដែរលោកឃួងស្រេងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាបរិស្ថានពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូនិងប្រឡាយទឹក។ប្រជាពលរដ្ឋត្រូវរៀបចំខ្លួនអោយបានល្អទៅតាមប្រទេសដែលកំពុងមានភាពស៊ីវីល័យពោលគឺត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ៕