ក្មេងស្ទាវ២ក្រុម មានជាង១០នាក់ ដេញវាយគ្នា នៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ខេត្ដកំពង់ឆ្នាំង សមត្ថកិច្ច ចាប់បានម្នាក់
កំពង់ឆ្នាំង៖ ក្មេងស្ទាវ២ក្រុម មានគ្នាប្រហែលជាង១០នាក់ ដែលដេញវាយគ្នាផ្អើលតំបន់ទេសចរណ៍រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ញុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយត្រូវបានចែកចាយពេញបណ្ដាញសង្គមនោះ នៅពេលនេះកម្លាំងសមត្ថកិច្ចកំណត់អត្ដសញ្ញាណបានហើយ និងស្វែងរកចាប់ខ្លួន ម្នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានអះអាងទៀតថា ជុំវិញករណីប្រើប្រាស់អំពើហិង្សានេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនល្មើសម្នាក់ហើយ និងកំពុងធ្វើការស្រាវជ្រាវបន្ដ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ចំពោះយុវជនទាំង២ក្រុម ដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញកំណត់បានអត្ដសញ្ញាណហើយ និងកំពុងដំណើរការនីតិវិធី សុំដីកាចាប់ខ្លួនពីតុលាការ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ដោយឡែក សម្រាប់ទីតាំងតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល និងតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្ត អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់ស្នងការនគរបាលខេត្ដ ឲ្យដាក់កម្លាំងការពារ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាប់ជាប្រចាំ។
ការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា យករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកទឹកផុស បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការស្រាវជ្រាវតាមវែកមុខជនដៃដល់ ដោយក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តចាប់បានមុខសញ្ញាជនបង្កបានម្នាក់ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ឥឡូវនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕