លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់ អញ្ជើញជួបនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកមហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជួបសំណេះសំណាលនិងធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ “ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន”។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរដល់ការរីកចម្រើននៅកម្ពុជា និងស្ថិរភាពនយោបាយល្អ ដែលកំពុងអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិ។ វត្តមានរបស់លោកនាយករដ្ឋមន្រ្តីនៅ RUPP គឺបានផ្តល់នូវចំណេះដឹងនិងបទពិសោធន៍ល្អៗដល់និសិ្សតខ្មែរ ដែលនឹងជួយរិតចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរកម្ពុជាម៉ាឡេស៊ី ឲ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោកស្រី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩:៤០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ។
នៅថ្ងៃស្អែកទី ៣ កញ្ញា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពរាជធានីភ្នំពេញ។
សាកលវិទ្យាល័យភូមិន្ទភូមិន្ទភ្នំពេញ (RUPP) បានផ្តល់ជូនសញ្ញាបត្រមួយឈ្មោះថា “សញ្ញាបត្រកិត្តិយសសម្រាប់ឧត្តមជន ដែលចូលរួមចំណែកជួយលើវិស័យអប់រំ -Honorary Fellowship” ដល់លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីលោកបានធ្វើបាឋកថា ស្តីពី “ការរក្សាតុល្យការនៃទំនាក់ទំនង ជាមួយមហាអំណាចក្នុងបរិបទអាស៊ាន” នៅសាកលវិទ្យាល័យនេះ។
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ការជូនសញ្ញាបត្រ “Honorary Fellowship” ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានធ្វើឡើងដើម្បីកោតសរសើរ ចំពោះការរួមចំណែកផ្តល់ចំណេះដឹង ក្នុងការលើកស្ទួយលើវិស័យអប់រំ។
លោកសាកលវិទ្យាធិការ បានបន្តថា សញ្ញាបត្រនេះក៏ជាការកោតសរសើរ ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចំណាយពេលវេលា ចែករំលែកចំណេះដឹងជូននិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ លោកធ្លាប់ធ្វើបាឋកថា នៅសាកលវិទ្យាល័យនេះ ចំនួន២ដងហើយ។
លោក លោក ជេត ជាលី បាឋកថារបស់លោក មហាធា មហាម៉ាត់ គឺជាបទពិសោធន៍ថ្មី ដើម្បីផ្តល់ឱកាសឱ្យនិស្សិត និងយុវជនកម្ពុជា ទទួលបាននូវចំណេះដឹងថ្មីជាច្រើន ទាំងចំណេះដឹងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោកថ្លែងថា បើនិយាយជារួម បាឋកថានេះ បានផ្សារភ្ជាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅនឹងវាគ្មិន ពូកែៗ ល្បីៗ នៅក្នុងតំបន់ និងអន្តរជាតិតែម្តង។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា សាកលវិទ្យាល័យរបស់យើង មានអ្នកធ្លាប់មកចូលរួមច្រើន ដូចជាប្រធានសភារបស់កូរ៉េ អគ្គលេខាធិការអាស៊ាន ភរិយារបស់ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ ក៏ធ្លាប់មក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏មក អ៊ីចឹងនិស្សិតយើង មានការឆ្លងឆ្លើយ ផ្តល់ឱកាសដល់និស្សិតយើង ទទួលបានចំណេះដឹងថ្មីៗ។ សាកលវិទ្យាល័យយើង មានឱកាសតែងតែរកវាគ្មិន មកជួបនិស្សិតយើង។ មហាធៀរ គាត់ជាអ្នកពូកែមួយរូប នៅក្នុងអន្តរជាតិ យើងបើកទូលាយ ឱ្យមាននិស្សិតច្រើនចូលរួម៕