ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយផលិតផលក្លែងក្លាយនៅកម្ពុជា

120

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា( EUROCHAM) ដើម្បីសហប្រតិបត្តិការរួមគា្នក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងចែកចាយនូវផលិតផលក្លែងក្លាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសូងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម បានមានប្រសាសន៍ថា ការចុះអនុស្សារណយោគយល់គ្នានាពេលនេះ គឺជាយន្តការពង្រីកការទទួលខុសត្រូវមួយបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលក្នុងការសហការកិច្ចការពារភាពជាដៃគូក្នុងវិស័យធុរកិច្ច និងវិស័យពាណិជ្ជកម្មសម្រាប់ ទំនុកចិត្ត និងលំហូអ្នកវិនិយោគបរទេសមកកាន់កម្ពុជាពីបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសជាសមាជិក បង្កើតហេដ្ឋារចនាសម្ព័ន្ធ និងការងារដល់ប្រជាជនកម្ពុជាដែលនឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ លោកបន្តថា ការចុះអនុស្សរណៈនេះដែរ គឹមិនត្រឹមតែផ្ដល់ អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់ មានភាពស្មោះត្រង់ និងមានភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់សុវត្ថិភាព សុខភាពដល់ប្រជាជនកម្ពុជាយើងផងដែរ។ លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា អនុសារណៈយោគយល់គ្នាថ្ងៃនេះនឹងក្លាយជាទឡ្ហីករណ៍ ដែលបង្ហាញពីចេតនា និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាជំហរការទូតបែបវិជ្ជមាន និងអព្យាក្រឹតចំពោះសហភាពអឺរ៉ុប ដោយកម្ពុជានៅតែតម្កល់ផលប្រយោជន៍មនុស្សជាធំ ជាពិសេសសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលនេះជាផ្នែកមួយនៃសិទ្ធិមនុស្សផងដែរ ពោលគឺសិទ្ធិរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរ។ លោកបន្តទៀតថា បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម និងសភាពាណិជ្ជកម្មអឺរ៉ុបនឹងបន្តរឹតបន្តឹងភាពជាដៃគូក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលដទៃទៀត ជាពិសេសឱសថក្លែងក្លាយ និងខូចគុណភាពដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាការពារឲ្យបាននូវផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករដែលជាម្ចាស់ដើមនៃទំនិញ៕

អត្ថបទដែលជាប់ទាក់ទង