សកម្មភាព ដែលនាំឲ្យមានហិង្សា ប៉ះពាល់ដល់ស្ថាប័នជាតិ ឬជាការចូលរួមគំនិត ក្នុងគម្រោងការទុច្ចរិត គឺជាបទល្មើសព្រហ្មទណ្ឌ
បន្ទាយមានជ័យ៖ លោកប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានផ្តល់មតិយោបល់ពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងអំពើ ឬសកម្មភាពទាំងឡាយណា ដែលនាំឲ្យមានហិង្សា ប៉ះពាល់ដល់ស្ថាប័នជាតិ ប៉ះពាល់ដល់សន្តិសុខសង្គម ឬធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរស្ថាប័នរដ្ឋ ដឹកនាំស្របច្បាប់ រួមទាំងសកម្មភាពទាំងឡាយណា ដែលបានចូលរួមដោយផ្ទាល់ ឬជាការចូលរួមគំនិត ក្នុងគម្រោងការទុច្ចរិតនេះ គឺជាបទល្មើសព្រហ្មទណ្ឌ។
ក្រសួងយុត្តិធម៌ បានផ្សាយព័ត៌មានថា នៅថ្ងៃអង្គារ ទី1 ខែតុលា ឆ្នាំ2019 លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនេះ លោកប្រធាន និងលោកព្រះរាជអាជ្ញា បានចូលរួមមតិយោបល់មួយចំនួន នូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងអំពើ ឬសកម្មភាពទាំងឡាយណា ដែលនាំឲ្យមានហិង្សា ប៉ះពាល់ដល់ស្ថាប័នជាតិ ប៉ះពាល់ដល់សន្តិសុខសង្គម ឬធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរស្ថាប័នរដ្ឋដឹកនាំស្របច្បាប់ រួមទាំងសកម្មភាពទាំងឡាយណាដែល បានចូលរួមដោយផ្ទាល់ ឬជាការចូលរួមគំនិតក្នុងគម្រោងការទុច្ចរិតនេះ គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសយ៉ាងធ្ងន់ ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសព័ត៌មាន និងស្មារតីនៃកិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីស្ថានការណ៍សន្តិសុខសង្គម និងការដាក់ចេញនូវវិធានការរួមមួយចំនួន ក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈការចាត់វិធានការច្បាប់លើសកម្មភាព ឬទង្វើទាំងទ្បាយណាដែលប៉ះពាល់ដល់សន្តិសុខជាតិ ជូនដល់សមាសភាពចូលរួមទាំងអស់៕