សហគមន៍ឥស្លាមកម្ពុជាទទួលគម្ពីរអាល់គួរអានបកប្រែជាភាសាខ្មែរចំនួន ១៧,៤៣២ ក្បាល ជំនួយពីរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី
ភ្នំពេញ៖ ថ្ងៃពុធ០៤ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោក យោប អះស្ការី អនុរដ្ឋលេខា ធិការក្រសួងធម្មការ និងសាសនា តំណាង លោក
ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញកាត់សោរកុងទីនឺទទួលគម្ពីរអាល់គួរអានបកប្រែជាភាសា ខ្មែរចំនួន ១៧,៤៣២ ក្បាល គិតជាថវិកា ១៩៤,៨ ១៥ ដុល្លារ ជំនួយពីរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី បោះពុម្ពនៅរោងពុម្ព Nasyrul Quran-Restu Malaysia ជាកន្លែងផលិតគម្ពីរអាលគួរអានធំបំផុតទី២លើលោកបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត តាមរយៈ គណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ដែលបានដឹកជញ្ជូនពីម៉ាឡេស៊ីមកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ នេះអំណោយមនុស្សធម៌លើកទី៣ ដែលលើកទីមួយ ៣,៨៤០ ក្បាល និង លើកទីពីរ ចំនួន ៣៦,០៣៣ ក្បាល សរុបចំនួន ៥៧,៣០៥ ក្បាល គិតជាថវិកា ២៥៣,២៦៧ ដុល្លា សម្រាប់ចែកជូនបងប្អូនសាសនិកឥស្លាមដោយឥតគិតថ្លៃ ជាការឆ្លើយតបបន្ទាប់ពីជំនួបរវាង លោក ឧកញ៉ាបណ្ឌិតទេសរដ្ឋមន្ត្រី និងលោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីកាលពីឆ្នាំ ២០១១ បានឯកភាពជួយឧបត្ថម្ភបោះពុម្ពគម្ពីរអាល់គួរអានបកប្រែជាភាសាខ្មែររៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា អនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ដោយក្រសួងធម្មការ និង សាសនា និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាចំនួន ១០០,០០០ ក្បាល ដោយការបង់ពន្ធអាករជាបន្ទុករបស់រដ្ឋ ផ្ញើមកជាដំណាក់កាល។
លោក អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានជម្រាបផងដែរថា គម្ពីរអាល់គួរអានគឺជាគម្ពីររបស់អល់ឡោះជាម្ចាស់តែមួយគត់ដែលសុទ្ធតែជាសំដីអល់ឡោះ ដែលទេវតាជីព្រឯល បានចុះមកប្រគូលជូនទៅព្យាការីណាពីមូហាំម៉ាត់ បុត្រាអាប់ឌុលឡោះ ជាជនជាតិអារ៉ាប់កើតនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុង គ.ស ៥៧០ និង បានទទួលមរណភាពនៅទីក្រុងម៉ាទីណះ ប្រទេសអារ៉ាប៊ី សាអ៊ូឌីតក្នុងគ.ស ៦៣៣ ដើម្បីជាទីលំអាងមួយសំរាប់គាត់ ដែលបានអះអាងថាគាត់ជាព្យាការីរ៉ាសូលរបស់អល់ឡោះ ជាច្បាប់សំរាប់មនុស្សទូទៅយកទៅជាទីឆ្លុះបញ្ជាំង និងជាការប្រណិប័តន៍អ៊ីបាដាត់ តាមរយៈការសូត្រគម្ពីរអាល់គួរអាន ជាគម្ពីរដែលមានប្រភពផលិតចេញនូវរាល់ច្បាប់ សេចក្តីណែនាំ និងការងារទាំងឡាយ ដែលត្រូវអនុវត្តនៅក្នុងសាសនាឥស្លាម ពីព្រោះគម្ពីរគួរអានទាំងមូលដែលចែកជាៈ ៣០ភាគ ១១៤ជំពូក៦,៦១៦ធម្មខ័ណ្ឌ៧៤,៤៣៧ ពាក្យ ៣២៥,៣៤៥តួអក្សរ ទាំងអស់នេះសុទ្ធតែចេញមកពីអល់ឡោះតែមួយគត់ ឥតក្លែងបន្លំ ឥតកែប្រែ និងឥតមានលាយឡំ នឹងសំដីរបស់បុគ្គលណាម្នាក់ក្រៅពីអល់ឡោះបន្តិចសោះឡើយ ដែលត្រូវបានសាសនិកឥស្លាមទូទាំងពិភពលោកប្រមាណជាង ១.៩ ពាន់លាននាក់ ក្នុងនោះមានសាសកនិកឥស្លាមនៅកម្ពុជាប្រមាណ៧ សែននាក់ គោរពអនុវត្តន៍។ គម្ពីរគួរអាន គឺជាប្រភពសំរាប់ជំនឿក្នុងសាសនាឥស្លាម និងសំរាប់ជាមូលដ្ឋានគ្រឹះរបស់ក្បួន ច្បាប់និងមាគ៌ាដឹកនាំនានា ដែលបានប្រមូលចងក្រងឡើងរវាងគម្ពីរទាំងឡាយ ជាគម្ពីរដែលត្រូវគេផ្ទេរមកដល់យើងបច្ចុប្បន្នដោយនិរត្តរកម្ម ទាំងការសរសេរនិងវាចារ ពីជំនាន់មួយទៅជំនាន់មួយ ត្រូវបានការពារជៀសផុតពីរាល់ការប្រែបរួលនិងផ្លាស់ប្តូរ ហើយចូលរួមការពាររាល់សុខសន្តិភាព សុខដុមនីកម្មសង្គមសាសនា ក្រោមគោលនយោបាយដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យមានសេរីភាពយ៉ាងពេញលេញ ខាងជំនឿសាសនា និងមានសុខដុមនី យកម្មសង្គមសាសនា៕ ដោយ៖ សំរិត