នគរបាលស្រុកអូរជ្រៅ ចាប់ជនសង្ស័យម្នាក់ កាប់សម្លាប់មន្ត្រីយោធាម្នាក់ ស្លាប់នៅនឹងកន្លែង
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកអូរជ្រៅ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទអំពើឃាតកម្មគិតទុកមុន កាប់សម្លាប់មន្ត្រីយោធាម្នាក់ ស្លាប់នៅនឹងកន្លែង វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុលអូរជ្រៅបានបា្រប់ថា ជនសង្ស័យដែលកម្លាំងនគរបាល ឃាត់ខ្លួន មានឈ្មោះ ភាព សុភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ កែវ ពេជ្ររស្មី ភេទប្រុស អាយុ២៩ឆ្នាំ នៅអង្គភាពកងអនុសេនាតូចល្បាតទី២ វរសេនាតូចការពារព្រំដែនលេខ៥០៣ មានឋានៈជាមេបញ្ជាការរងកងអនុសេនាតូចល្បាតទី២ ឋានន្តរស័ក្តិព្រិន្ទបាលឯក។
លោកអធិការបានប្រាប់ទៀតថា ៖ មុនពេលកើតហេតុ ជនសង្ស័យខឹងនឹងជនរងគ្រោះ គំរាមរកបាញ់ក្បាលដែលមានជម្លោះកន្លងមក លុះថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវសាធារណៈ ស្របពេលនោះ ជនសង្ស័យឃើញក៏ទាញយកកាំបិតខ្វែវ កាប់ទៅជនរងគ្រោះ ត្រូវជាច្រើនកាំបិតចំក្បាល និងក បណ្តាលឲ្យស្លាប់ភ្លាម ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពីមានសេចក្ដីរាយការណ៍ លោកក៏បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងកម្លាំងជំនាញអធិការស្រុក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការចាប់ជនសង្ស័យ បញ្ជូនមកអធិការស្រុកអូរជ្រៅ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់៕