បិទទ្វារហាត់ មុនជំនួបជាមួយអ៊ីរ៉ង់
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបិទទ្វារហាត់ទាំងលើទីលានស្មៅធម្មជាតិ និង ទីលានស្មៅសិប្បនិម្មិតមុនជំនួបជាមួយអ៊ីរ៉ង់នៅក្រៅផ្ទះថ្ងៃទី១០តុលា និងជាមួយអ៊ីរ៉ាក់នៅក្នុងផ្ទះថ្ងៃទី១៥តុលា ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតជម្រុះជុំទី២ពានរង្វាន់បាល់ទាត់ពិភលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៣, ទី៤ ទល់នឹងអ៊ីរ៉ង់ និងអ៊ីរ៉ាក់។
ក្រុមកម្ពុជាចាប់ផ្ដើមហ្វឹកហាត់ជាផ្លូវការតាំងពីថ្ងៃទី០១ខែតុលាជាមួយនឹងការឆ្លាស់ទីលានស្មៅធម្មជាតិ និងស្មៅសិប្បនិមិត្ត។
សម្រាប់តាមគម្រោង ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការហ្វឹកហាត់នៅថ្ងៃទី១, ថ្ងៃទី៣ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Smart RSN របស់ក្លឹបភ្នំពេញក្រោន ដែលជាទីលានស្មៅធម្មជាតិ ប៉ុន្តែមិនមានការអនុញ្ញាត្តិឱ្យមហាជនចូលរួមទស្សនានោះទេ។
សម្រាប់ថ្ងៃគូពោលគឺនៅថ្ងៃទី២និងថ្ងៃទី៤ខែតុលាគឺនឹងធ្វើការហ្វឹកហាត់នៅលើទីលានស្មៅសិប្ប នៅពហុកីឡដ្ឋានជាតិ និងមិនមានការអនុញ្ញាត្តិឱ្យមហាជនចូលរួមទស្សនាដូចគ្នា។ ទាំងនេះបើយោងតាមការបង្ហើបឲ្យដឹងពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលកំពុងស្ថិតនៅក្នុងជំរំជាមួយក្រុមជម្រើសជាតិ។
ការហ្វឹកហាត់បែបនេះ គឺដោយសារកម្ពុជា ត្រូវចេញទៅប្រកួតក្រៅដីនៅប្រទេសអ៊ីរ៉ង់ លើកីឡដ្ឋាន Azadi Stadiumដែលមានទីលានជាស្មៅធម្មជាតិហើយក្រោយមកទៀតត្រូវត្រលប់មកប្រកួតនៅលើវាលស្មៅសិប្បនិមិត្ត វិញ ពេលកម្ពុជា ទទួលអ៊ីរ៉ាក់។
សូមបញ្ជាក់ថា ជំនួបទី៣ របស់ កម្ពុជា ត្រូវប៉ះជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ តុលា នៅពហុកីឡដ្ឋានជាតិ វិញម្ដង។ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង, ជម្រើសជាតិអ៊ីរ៉ាក់, ជម្រើសកោះហុងកុង និងជម្រើសជាតិបារ៉ែន៕