ផ្លូវជាតិ ៧០B ការដ្ឋានសម្រេចបានប្រមាណ៣០% ហើយ អភិបាលខេត្តសូមការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋពេលធ្វើដំណើរឆ្លងកាត់ការដ្ឋាននេះ
ខេត្តកំពង់ចាម៖ ដើម្បីអោយការដ្ឋានផ្លូវជាតិ ស្ថាបនាកំណាត់ផ្លូវ៧០B ទទួលបានជោគជ័យទៅតាមគម្រោងនិងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ កក្កដានេះបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការងារការដ្ឋាននេះ ខណៈដែលការដ្ឋានទាំងមូល មកដល់ពេលនេះ សម្រេចបានប្រមាណ៣០%ហើយ ហើយក្នុងឱកាសនោះលោកអភិបាលខេត្កក៏បានសូមការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋពេលធ្វើដំណើរឆ្លងកាត់ការដ្ឋាននេះផងដែរ ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា កំណត់ផ្លូវជាតិ៧០B ស្រុកស្រីសន្ធរ មានប្រវែងជាង១៦គីឡូម៉ែត្រ ចាប់ពីឃុំព្រែករំដែង ដល់ឃុំព្រែកពោធិ៍ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី តាមរយៈ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ។ការដ្ឋាននេះត្រូវបានលោកអភិបាលខេត្តចុះធ្វើការត្រួតព៨និត្យនៅព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីជម្រុញ
អោយការដ្ឋានស្ថាបនាទៅបានលឿន តាមគម្រោងនិងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
ក្នុងឱកាសនៃការចុះពិនិត្យនោះលោកគួច ចំរើន ជាថ្មីម្តងទៀត លោកសូមអោយបងប្អូនអ្នកអាស្រ័យផលលើ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការស្ថាបនាផ្លូវជាតិ៧០B ដែលមកដល់រដូវវស្សានេះមានការលំបាក ដល់បងប្អូន ក្មួយៗ ធ្វើដំណើរទៅមក និងដឹកកសិផលនានា។
ការដ្ឋានផ្លូវ៧០Bសាងសង់ជាប្រភេទផ្លូវបេតុ ប្រវែងជាង១៦គីឡូម៉ែត្រ ពីឃុំព្រែករំដែង ដល់ឃុំព្រែកពោធិ៍ នៅក្នុងស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្រោមការឧបត្ថមដោយ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលចំណាយថវិកាសាងសង់ប្រមាណ ៦លានដុល្លាអាមេរិច ហើយនៅពេលបច្ចុប្បន្ននេះការដ្ឋានសម្រេចបានប្រមាណ ៣០% ហើយ៕