សម្តេចនាយករដ្ឋមន្រ្តីចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រទូលថ្វាយអំពីរបាយការណ៍ការងារនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន
ភ្នំពេញ៖ ផេកព្រះបរមរាជវាំងបានផ្សាយថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ទូលថ្វាយអំពីរបាយការណ៍ការងារនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំងនាវេលាព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០១៩។
ក្នុងឱកាសដ៏វិសេសវិសាលនោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានថ្វាយនូវកាក់មាសអនុស្សាវរីយ៍និងក្រដាសប្រាក់គំរូថ្មីទូលថ្វាយព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សាការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងពេលខាងមុខនេះ។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ទូលថ្វាយនូវកាក់មាសអនុស្សាវរីយ៍ និងក្រដាសប្រារៀលគំរូថ្មី ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។