ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូគ្រូពេទ្យអន្តរទ្វីប មកពីបណ្តាប្រទេសទាំង៥
ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធ ឥស្លាមពិភពលោក ( Rabita ) នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យប្រតិភូគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Saifadeen Al Subhi ប្រធានបេសកកម្មព្យាបាល វះកាត់ដោយឥត គិតថ្លៃ ចូលជួបសំដែងការគួរសម បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល ៧ ថ្ងៃប្រកបដោយជោគ ជ័យ នៅឯការិយាល័យរបស់លោកផ្ទាល់នារាជ ធានីភ្នំពេញ។
នៅក្នុងជំនួបនេះ លោក ទេសរដ្ឋមន្ត្រី ក្នុងនាម រាជរដ្ឋាភិបាល និងក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធឥស្លាមពិភពលោក ( Rabita ) បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យទាំងអស់ ក្នុងបេសកកម្មព្យាបាល វះកាត់ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ។
លោកបន្តថា នេះគឺជាការងារមនុស្សធម៌ដ៏ប្រពៃ និងការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសបានជួយសម្រាលនូវបន្ទុក និងទុក្ខលំបាកជាច្រើន ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានជំងឺ និងគ្មានលទ្ធភាពព្យាបាល។ ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រតិភូគ្រូពេទ្យអន្តរទ្វីប (PAC) បន្តបេសកកម្មរបស់ខ្លួននៅកម្ពុជា ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ( PAC ) ដឹកដោយ លោកវេជ្ជបណ្ឌិត Saifadeen Al Sobhi សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ដែលមានគ្រូពេទ្យឯកទេសចំនួន ២១រូប មកពីអារ៉ាប៊ីសាអូឌីត ហ្សក់ដង់ ទុយនេស៊ី ស៊ីរី និងអង់គ្លេស បានធ្វើការព្យាបាលជម្ងឺទូទៅ និងវះកាត់ដោយឥតគិតថ្លៃ មានរយៈពេល ៧ ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលធ្វើការវះកាត់ដោយជោគជ័យបានចំនួន ១០២ ករណី ទៅលើជម្ងឺធំៗ ចំនួន ១១ ប្រភេទ និងព្យាបាលជម្ងឺទូទៅបានចំនួន ៦១០ នាក់ផងដែរ។
កម្មវិធីព្យាបាលនេះក៏មានការចូលរួមសហការពីគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា គ្រូពេទ្យគណៈកម្មការសុខាភិបាលរបស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) គ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមានការចូលរួមយ៉ាងសកម្ម ពីសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តពោធិ៍សាត់ យុវជនស្រលាញ់សន្តិភាពនិង យុវជន សសយកផងដែរ។
គ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប(PAC ) ជាអង្គការ មួយនៅក្រោមឆ័ត្ររបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ដែលមានអង្គការធំៗជាសមាជិកជាង ១០ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើការបម្រើផ្នែកមនុស្សធម៌ស្ទើរគ្រប់វិស័យនៅលើពិភពលោក៕ ដោយ៖ សំរិត