គ្រោះផ្ទួនៗនៅជប៉ុន ថ្ងៃមុនភ្លៀងជន់លិចដូចរលកស៊ូណាម៉ិ សម្លាប់មនុស្សរាប់រយនាក់ ពេលនេះរលកកម្តៅសម្លាប់មនុស្ស៨នាក់នៅតំបន់ដដែល
ប្រទេសជប៉ុន៖ រលកកម្ដៅមួយនៅភាគខាងត្បូងប្រទេសជប៉ុនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ ខណៈដែលប្រទេសនេះទើបតែងើបពីគ្រោះមហន្តរាយទឹកជំនន់ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ដែលនេះជាគ្រោះផ្ទួនៗនិងមហាអាក្រក់បំផុត មិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះនៅប្រទេសជប៉ុន។
ប្រភពព័ត៌មានបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ និងពីរនាក់ទៀតបានស្លាប់នៅថ្ងៃអាទិត្យ ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតកំពុងស្វែងរកជំនួយផ្នែកវេជ្ជសាស្ដ្រសម្រាប់កម្ដៅក្ដៅស្ទើរប្រេះលលាដ៍។
យោងតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរបស់ទីក្រុងបានឱ្យដឹងថាក្នុងចំណោមមនុស្ស ៣៣ នាក់ដែលបានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តនៅហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃអាទិត្យមានអ្នកស្ម័គ្រចិត្តចំនួន ៣ នាក់ដែលបានជួយក្នុងការសម្អាត។
គួរឱ្យកត់សម្គាល់ផងដែរថា រលកកម្ដៅនេះបានវាយប្រហារនៅទីតាំងដដែល ដែលមានទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សយ៉ាងហោចណាស់ ២១០ នាក់កាលពីសប្ដាហ៍មុន ខណៈដែលពួកគេទើបតែធូរស្បើយខ្លះពីគ្រោះទឹកជំនន់នោះ៕