ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពជំនន់ទឹកភ្លៀងលើស្ពានសំរោង បណ្តាលឲ្យលិចលង់ ផ្ទះប្រជាពលរដ្ឋជាង៣០០គ្រួសារ

125

ព្រះសីហនុ កំពង់ស្ពឺ៖ អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងលើស្ពានសំរោង មានកម្ពស់ដល់១,២០ម៉ែត្រ បណ្តាលឲ្យលិចលង់ ផ្ទះប្រជាពលរដ្ឋជាង៣០០គ្រួសារ និងមិនអាចឲ្យយានយន្តគ្រ​ប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវត្រង់ចំណុចនេះបាន។

លោកយន្តមីន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភពផ្ទាល់ដល់ទីកន្លែង និងបានណែនាំឲ្យមន្រ្តីមូលដ្ឋាន សហការជាមួយមន្រ្តីសាខាកាកបាទក្រហមខេត្ត ចុះស្រង់ស្ថិតិគ្រួសារប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដើម្បីផ្តល់ជំនួយសង្រ្គោះក្នុងករណីចាំបាច់ និងរៀបចំឲ្យមានទូកសម្រាប់ចម្លងប្រជាពរដ្ឋដែលត្រូវឆ្លងទៅមកជាចាំបាច់។ ដើម្បីរក្សាសុវត្ថិភពអ្នកដំណើរ រដ្ឋបាលខេត្តព្រះសីហនយុ សូមឲ្យបងប្អូនប្រជាពលរដ្ឋ សាធារណជន និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដោយរថយន្តទាំងអស់ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ វិញ។ បន្ថែមលើនោះ ដើម្បីរក្សាគុណភាពផ្លូវ រថយន្តដឹកជញ្ជូនកុងតឺន័រ និងរថយន្យធុនធ្ងន់ ត្រូវរង់ចាំរយៈពេល១ថ្ងៃ ក្រោយទឹកស្រកអស់ទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់បាន។

ជាមួយហេតុការណ៍គ្រោះទឹកជំនន់នេះដែរ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ធ្វើអោយជន់លិចកំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ។
លោកអភិបាលខេត្តកំពង់ស្ពឺ ស្នើសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ដើម្បីធានានៅសុវត្ថិភាព អាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញ សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្ន រហូតដល់ទឹកស្រក់ចុះវិញ ហើយសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ក្នុងការបញ្ចៀសចរាចរណ៍ដោយអ្នកដំណើរទាំងអស់ ត្រូវ​ទៅតាមផ្លូវជាតិ៤១ ត្រង់ផ្សារថ្នល់ទទឹង និងផ្លូវជាតិលេខ០៣ ក្នុងខេត្តកំពតវិញ ទាំងអ្នកទៅខេត្ដព្រះសីហនុ និងមកកាន់រាជធានីភ្នំពេញ ៕

ប៉ុន្តែទោះជាយ៉ាងណា គិតត្រឹមល្ងាចថ្ងៃ១៧កក្កដានេះ​ ទឹកហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង បានស្រកនៅក្រោមមួយម៉ែត្រ តែចរាចរណ៍ឆ្លងកាត់ នៅបន្តបិទជាបណ្តោះអាសន្ន។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកដែលហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា បានស្រុកចកក្រោម១ម៉ែត្រហើយ ដែលនៅរសៀលថ្ងៃមិញ កម្ពស់ទឹកបានហូរឆ្លងកាត់ប្រមាណ១ម៉ែត្រ។ ស្ថានភាពទឹកភ្លៀងវិញ ហាក់មានការថមថយជាមុន ហើយបើសិនស្ថិតនៅស្ថានភាពបែបនេះ ទឹកនឹងស្រកចុះអាចធ្វើដំណើរបាននៅស្អែក ​ប៉ុន្តែបើយប់នេះ ភ្លៀងធ្លាក់មកខ្លាំងនោះ កម្ពស់ទឹកហូរកាត់ផ្លូវជាតិលេខ៤ នឹងមានការកើនឡើងវិញ។ ដោយសារតែទឹក​មិនទាន់ស្រកចុះខ្លាំង ចរាចរណ៍ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅបន្តបិទដដែលមិនទាន់អនុញ្ញាតនៅឡើយទេ។

ដោយសារការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះ បានធ្វើឲ្យជំនន់ទឹកភ្លៀង លិចលង់តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ ពីផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។

ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រាប់ឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ព្រោះក្នុងសប្តាហ៍នេះ (ចាប់ពីថ្ងៃទី១២ ដល់ ១៨ខែកក្កដា) ខេត្តតាមមាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។

សម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន៕

អត្ថបទដែលជាប់ទាក់ទង